ទោះបីជាមានមតិមួយចំនួនបានលើកឡើងថា ការចូលគេងបន្ទាប់ពីទទួលទានអាហាររួចអាចធ្វើឲ្យយើងមានអារម្មណ៍ស្កប់ស្កល់ ហាក់ដូចជាធូរស្រាលក៏ដោយ ក៏មានហេតុផលខ្លះបានលើកឡើងយើងមិនឲ្យធ្វើបែបនេះឡើយ។ នៅពេលយើងកំពុងដេកនៅលើគ្រែ រាងកាយនឹងមានការលំបាកក្នុងការធ្វើការលើអាហារដែលយើងទើបញ៉ាំ ដែលអាចបង្កឲ្យមានបញ្ហាសុខភាពជាច្រើនដោយរាប់ចាប់ពីបញ្ហាក្នុងការរំលាយអាហារ រហូតដល់មានជំងឺដាច់សរសៃឈាមខួរក្បាល។

១. ក្រហាយទ្រូង
ជាអារម្មណ៍ក្រហាយដែលចាប់ផ្តើមនៅតំបន់ចុងដង្ហើមហើយរាលដាលដល់ទ្រូង និងបំពង់ករបស់យើង។ អាការៈនេះបណ្តាលមកពីកម្រិតអាស៊ីដក្រពះមានច្រើនពេក ជាលទ្ធផលដែលបណ្តាលមកពីការគេងភ្លាមៗបន្ទាប់ពីយើងញ៉ាំអាហាររួច។

២. ការច្រាលទឹកអាស៊ីដក្រពះ
កើតឡើងនៅពេលដែលសន្ទះចន្លោះក្រពះ និងបំពង់អាហារមិនអាចបិទបើកបានល្អ ដែលអាចឲ្យអាស៊ីដក្រពះហូរត្រឡប់មកបំពង់កវិញបាន។ ការដេកបន្ទាប់ពីញ៉ាំបាយរួចគឺអាចបង្កឲ្យយើងមានជំងឺនេះបាន។ ប្រសិនបើការចាល់អាស៊ីដបន្តកើតមាន នោះភ្នាសរំអិលក្នុងក្រពះយើងនឹងអាចមានការខូចខាតបាន។

៣. ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke)
ការស្រាវជ្រាវបង្ហាញថា ការគេងភ្លាមៗបន្ទាប់ពីញ៉ាំបាយរួចអាចបង្កើនហានិភ័យនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលបាន។ ក្រុមអ្នកស្រាវជ្រាវបានសិក្សាទៅលើមនុស្សដែលមានសុខភាពល្អចំនួន ៥០០ នាក់ ដែលពាក់កណ្តាលមានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងពាក់កណ្តាលទៀតមានរោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលស្រួចស្រាល់។ អ្នកដែលទុកបន្លោះពេលយូរក្នុងការដេកបន្ទាប់ពីការញ៉ាំអាហារ នឹងមានហានិភ័យទាបនៃជំងឺដាច់សរសៃឈាមខួរក្បាល៕