ដោយសារឃើញមានបងប្អូនប្រជាជនខ្មែរ ជាពិសេសនារីតែម្តង គាត់មានបំណងបង្កើតចំណូលបន្ថែមបន្ទាប់ពីចំណូលតែមួយឬក្រៅពីការងារផ្ទះ ហេតុនេះទើបយើងឃើញមានបងប្អូននារីៗជាច្រើនបានចាប់យកអាជីពជាអ្នកលក់ផលិតផលលើអនឡាញដែលសឹងតែជាវិស័យលេចធ្លោបំផុតសម្រាប់អ្នកចង់បង្កើតចំណូល។ ប៉ុន្ដែមុននឹងរកស៊ីលើទីផ្សារអនឡាញបែបនេះសូមធ្វើការពិចារណា២ចំណុចនេះឱ្យច្បាស់លាស់សិនដើម្បីកុំឱ្យបានការស្ដាយក្រោយពេលអាជីវកម្មមានបញ្ហា។

១. ផលិតផលដែលទីផ្សារផ្ទុះមួយឆាវ៖ កុំឃើញតែផលិតផលដែលគេល្បីមួយឆាវ ក៏ដាក់ចិត្តចង់យកផលិតផលនោះមករកស៊ីដែរនោះ វាពិតជាបង្កហានិភ័យណាស់សម្រាប់អាជីវកម្មរបស់អ្នក ព្រោះបើវាល្បីខ្លាំងការដួសរលំក៏មានហានិភ័យខ្ពស់ដែរ។

២. ត្រូវមើលសមត្ថភាពខ្លួន៖ ឃើញគេលក់អនឡាញមានសម្ភារនិយមទំនើបៗប្រើក៏មានចិត្តលក់ដូចគេ ចង់ជោគជ័យដូចគេ។ អ្នកកំពុងតែគិតខុសហើយ គេមានបានព្រោះគេរកស៊ីយូរគេមានម៉ូយច្រើនទើបធ្វើគែលក់ដាច់។ ម៉្យាងទៀត យើងក៏មិនដឹងថាគេទៅបណ្ដាក់ទុនរកស៊ីជាមួយអ្នកណាខ្លះដែរ រឿងមានបានគ្មានអ្នកណាគេមកប្រាប់យើងត្រង់ៗនោះទេ។ កុំចង់ញាក់តាមគេបើខ្លួនពុំមានសមត្ថភាពដូចគ្នា ដើរម្ដងមួយជំហានៗប្រសើរជាដើររំលង។

ជាចុងក្រោយ ខ្ញុំក៏សូមរំលឹកឱ្យបងប្អូនធ្វើការប្រកបអាជីវកម្មដោយមានការពិចារណា បើចង់ចូលរកស៊ីត្រូវដឹងពីក្បួនខ្នាតយុទ្ធសាស្រ្តរកស៊ីខ្លះសិន ដូចនេះទើបមិនងាយខាត តែបើបងប្អូនជឿតែតាមគេដោយគ្មានចំណេះដឹងខ្លួនឯង អាចនឹងពិបាកក្នុងការរកចំណូលណាស់ ឬអាចខាតថែមក៏មាន៕