ខេត្តព្រះសីហនុ៖ នៅថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីជូនដំណឹងស្តីពីវិធានការចំពោះអ្នកដំណើរចូលមកក្នុងខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ មិនថាផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស ត្រូវមានឯកសារនិងលក្ខខណ្ឌចំនួន៤ដូចខាងក្រោម ទើបអាចអនុញ្ញាតឲ្យចូលក្នុងទឹកដីខេត្តព្រះសីហនុបាន។

ទី១- ត្រូវមានលិខិតបញ្ជាក់សុខភាពក្នុងថ្ងៃតែមួយពីមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យឯកជន ដែលទទួលបានសិទ្ធិពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។
ទី២- ត្រូវមានប័ណ្ណឬលិខិតបញ្ជាក់ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២ដូសចប់រួចរាល់។
ទី៣- ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ដែលសាមីខ្លួនត្រូវទៅស្នាក់នៅ (សម្រាប់ពលរដ្ឋខ្មែរ) ដើម្បីងាយស្រួលត្រួតពិនិត្យអំពីការដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃ និងទី៤- ចំពោះការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងទៀត ត្រូវមានការអនុញ្ញាតិជាមុនពីអាជ្ញាធរមានសមត្ថកិច្ច។ សេចក្តីជូនដំណឹងនេះ ត្រូវអនុវត្តនេះគិតចាប់ពីម៉ោង ១២: ០០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ តទៅ៕