ភ្នំពេញ៖ បន្ទាប់ពីក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាស អនុញ្ញាតឲ្យមន្ទីរពេទ្យឯកជនចំនួន៣ ស្ថិតក្នុងទីក្រុងភ្នំពេញ អាចបើកទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយមានទាំងមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ផងនោះ ស្រាប់តែថ្មីៗនេះ គេឃើញមានការផ្សព្វផ្សាយ និងចែករំលែកតាមរយៈកម្មវិធីសារអេឡីចត្រូនិក Telegram ឲ្យដឹងអំពីតម្លៃព្យាបាល ជំងឺកូវីដ១៩ សម្រាប់មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ដែលមានតម្លៃខ្ពស់កប់ពពក ចាប់ពី ១៩,០០០ដុល្លារ រហូតដល់ ៧០,០០០ដុល្លារឡើងទៅ ។

នៅក្នុងសារ ដែលគេចែកចាយបន្តគ្នាតាមរយៈកម្មវិធី Telegram បានបញ្ជាក់យ៉ាងដូច្នេះថា តម្លៃព្យាបាលជំងឺកូវីដ១៩ របស់មន្ទីរពេទ្យ រ៉ូយ៉ាល់ ចាប់ពី ៧០,០០០ដុល្លារឡើងទៅ ចំពោះអ្នកជំងឺដែលមានស្ថានភាពធ្ងន់ ត្រូវការដាក់អុកស៊ីសែន រយៈពេល ១៤ថ្ងៃ ហើយចំពោះស្ថានភាពស្រាល ចាប់ពី ១៩,០០០ ដុល្លារឡើងទៅ ។

យ៉ាងណាមិញ ចំពោះដំណឹងមិនផ្លូវខាងលើនេះ មិនទាន់ឃើញមានការបកស្រាយពីសំណាក់ភាគីមន្ទីរពេទ្យរ៉ូយ៉ាល់ នៅឡើយ ថាជាការពិត ឬអត់ ហើយក្រុមការងារយើង ក៏មិនទាន់អាចសុំការបំភ្លឺពីខាងមន្ទីរពេទ្យមួយនេះបានដែរ ។ សារព័ត៌មាន KBN យើងខ្ញុំស្វាគមន៍ជានិច្ច សម្រាប់ការបកស្រាយបំភ្លឺ ៕