ទុរេនជាផ្លែឈើមួយប្រភេទដែលចាត់ចូលក្នុងក្រុមផ្លែឈើដែលមានតម្លៃថ្លៃ តែមានរសជាតិឆ្ងាញ់ (សម្រាប់អ្នកចេះញ៉ាំ) ទើបមនុស្សដែលមានជីវភាពសមរម្យមិនងាយរំលងផ្លែឈើមួយនេះ ពេលដល់រដូវកាលរបស់វាម្ដងៗ។ ធ្លាប់តែចូលចិត្តញ៉ាំទុរេនតើលោកអ្នកមានដឹងទេថា វាមានគុណប្រយោជន៍ច្រើនយ៉ាងណាចំពោះសុខភាព៖

១. បង្កើនភាពស៊ាំក្នុងរាងកាយ
ផ្លែទុរេនសម្បូរទៅដោយពួកវីតាមីន C ដែលជួយពង្រឹង ប្រព័ន្ធភាពស៊ាំក្នុងរាងកាយទប់ទល់នឹងជម្ងឺទូទៅ ដូចជា ផ្ដាសាយ និងការឆ្លងមេរោគវីរុសផ្សេងៗទៀត។

២. ព្យាបាលជម្ងឺស្លេកស្លាំង
ទុរេនមានផ្ទុកពពួកអាស៊ីតហ្វូលិក (Folic acid) ក្នុងបរិមាណដ៏ច្រើន និងជាតិដែកតិចតួចផងដែរ ដែលសារធាតុទាំងពីរនេះចូលរួមយ៉ាងសំខាន់ក្នុងការផលិតគ្រាប់ឈាមក្រហមនៅក្នុងរាងកាយបំបាត់ភាពស្លេកស្លាំង។

៣. ជំនួយសុខភាពឆ្អឹង
ក្នុងសាច់ទុរេន មានផ្ទុកនូវជាតិប៉ូតាស្យូមយ៉ាងច្រើន និងជាតិកាល់ស្យូមខ្លះៗផងដែរ។ ប៉ូតាស្យូមមាននាទីធានាបរិមាណកាល់ស្យូមក្នុងឆ្អឹង និងបន្ថយការបញ្ចេញកាល់ស្យូមតាមរយៈតម្រងនោម។ បរិមាណកាល់ស្យូមគ្រប់គ្រាន់នឹងធ្វើអោយឆ្អឹងរឹងមាំ ការពារឆ្អឹងស្ពោត និងជម្ងឺឆ្អឹងដទៃៗទៀតផងដែរ។

៤. ជួយអោយគេងលក់ស្រួល និងមានអារម្មណ៍ល្អ
ដោយសារទុរេនមានផ្ទុកជាតិអាស៊ីតអាមីនេមួយប្រភេទ ឈ្មោះ ទ្រីបតូហ្វាន (Tryptophan) ដែលជាសារធាតុធ្វើអោយយើងគេងលក់ ទើបអ្នកញ៉ាំទុរេនហើយ អាចលង់នឹងដំណេកបានយ៉ាងងាយ។ មួយវិញទៀត ទ្រីបតូហ្វាននេះ ក៏ចូលរួមក្នុងការផលិតពពួកសេរ៉ូតូនីន និងមេឡាតូនីនដែលជួយធ្វើអោយអារម្មណ៍របស់យើងប្រសើរឡើងដែរ។

៥. រក្សាតុល្យភាពនៃសម្ពាធឈាម
ជាតិប៉ូតាស្យូមដ៏ច្រើន មាននាទីពីរយ៉ាងសំខាន់ដល់ការគ្រប់គ្រងសម្ពាធឈាម ៖
ទីមួយ ៖ វាភ្ញោចសាច់ដុំបេះដូងអោយកន្ត្រាក់យ៉ាងទៀងទាត់ ដែលនាំអោយចង្វាក់បេះដូងមានភាពប្រក្រតី
ទីពីរ ៖ វាគ្រប់គ្រងបរិមាណសូដ្យូមក្នុងឈាមអោយនៅស្ថេរ ហើយស្របពេលដែលទុរេនមានផ្ទុកជាតិសូដ្យូមតិចផងនោះ អ្នកលើសឈាមក៏អាចទទួលទានទុរេនយ៉ាងមានសុវត្ថិភាព៕