ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០និង៥៣នាទី នៅចំណុចក្រុមទី១៤ ភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់អាប៉ោង) និងបានធ្វើការនាំខ្លួនអ្នកលេង ចំនួន០៥នាក់។

អ្នកលេងអាប៉ោងដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួន ទី១.ឈ្មោះ ឡាយ វិត ភេទប្រុស អាយុ ៦០ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទី២.ឈ្មោះ យឹម គុណ ភេទប្រុស អាយុ ៦១ ឆ្នាំ មានទីលំនៅភូមិសុភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទី៣.ឈ្មោះ សាយ មឿន ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទី ៤.ឈ្មោះ មឿន វើន ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង៥.ឈ្មោះ ឱ ជា ភេទប្រុស អាយុ ៥៩ឆ្នាំ មានទីលំនៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង ការ៉ុងសម្រាប់ក្រាលចាក់អាប៉ោង ០១ , កន្ទេលសម្រាប់ក្រាលចាក់អាប៉ោង ០១, ធុងជ័រដាក់ដីសម្រាប់ទ្រចានបាញ់អាប៉ោង ០១, ចានសម្រាប់បាញ់អាប៉ោង ០១ និងផ្តិលជ័រសម្រាប់គ្របអាប៉ោង ០១។ ជនសង្ស័យទាំង៥នាក់ ត្រូវសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕