ខេត្តកណ្តាល៖ ប្រជាពលរដ្ឋល្អបានរាយការណ៍មកស្នងការដ្ឋាននគរបាលខេត្តកណ្តាលថា នៅចំណុចផ្ទះជួលរបស់ឈ្មោះ ទឹម រ៉ាឌី ក្នុងភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ មានលេងល្បែងស៊ីសងបៀជាច្រើនវង់ ជារៀងរាល់ថ្ងៃ មិនខ្វល់ពីកូវីដទេ។

ក្រោយពីទទួលបានព័ត៌មានខាងលើ លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាលោកអធិការនគរបាលក្រុងតាខ្មៅ ធ្វើការស្រាវជ្រាវបង្រ្កាបទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍។ លុះនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦និង២០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំចុះស្រាវជ្រាវដល់ទីតាំងដែលបានរាយការណ៍ខាងលើ ដោយបានប្រទះឃើញមានមនុស្សស្រីប្រមាណ ០៥នាក់ ភាគច្រើនចាស់ៗ កំពុងលេងបៀស៊ីគូថៃ។

កម្លាំងសមត្ថកិច្ចបានអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឱ្យពួកគាត់បញ្ឈប់ការជួបជុំគ្នាលេងល្បែងស៊ីសងតទៅទៀត ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ ហើយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងករណីមិនរាងចាលសមត្ថកិច្ចនឹងចាក់ការតាមផ្លូវច្បាប់៕