ខេត្តតាកែវ ៖ បុរសមានវិជ្ជមានកូវីដ-១៩ បានលួចរត់ចេញពីការធ្វើចត្តាឡីស័កនៅភ្នំពេញ ដោយមកផ្ទះរបស់ខ្លួននៅស្រុកព្រៃកប្បាស ខេត្តតាកែវ ហើយពេលនេះ អាជ្ញាធរ និងក្រុមគ្រូពេទ្យ បានទៅយកសំណាក អ្នកមានការជាប់ពាក់ព័ន្ធជាមួយបុរសវិជ្ជមានកូវីដ-១៩។

អាជ្ញាធរបានឲ្យដឹងថា ពេលនេះ ក្រុមគ្រូពេទ្យបានចុះយកសំណាកលើកទី១ លើក្មេងតូចម្នាក់ និងប្រជាពលរដ្ឋផ្សេងទៀត ដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយនិងបុគ្គលដែលមាន វិជ្ជមានកូវីដ-១៩ មានឈ្មោះពេជ្រ កុសល ដែលបានគេចចេញពីការធ្វើចត្តាឡីស័កនៅភ្នំពេញ ហើយបានមកស្រុក ភូមិព្រៃព្រំ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ។

អាជ្ញាធរបញ្ជាក់ថា ចំពោះបុគ្គលឈ្មោះ ពេជ្រ កុសល ខាងលើនោះ ត្រូវបានក្រុមគ្រូពេទ្យ តាមយកដល់ផ្ទះនៅភូមិឃុំខាងលើ កាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២១ ដើម្បីយកទៅព្យាបាល។ ចំណែក អ្នកពាក់ព័ន្ធជាមួយនឹងបុគ្គលវិជ្ជមានកូវីដ១៩ខាងលើ អាជ្ញាធរកំពុងធ្វើការស្រាវជ្រាវ ដើម្បីយកសំណាកទៅពិនិត្យរកជំងឺកូវីដ-១៩៕