មើលទៅដូចជាមិនបានធូរស្រាលសោះចំពោះបញ្ហាកូវីដសព្វថ្ងៃនេះ ទាំងនេះបានធ្វើឲ្យប្រជាជនយើងមានការភ័យខ្លាច និងព្រួយបារម្ភជាខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រួមទាំងការបាត់បង់ការងារ មុខជំនួញ ការលក់ដូរ ហើយនឹងការឆ្លងនៃជំងឺ កូវីដ-១៩ តែម្ដង។ រឿងដែលអ្នកអាចធ្វើបាននោះគឺទទួលស្គាល់ការពិតថាវាមិនមែនជារឿងលេងសើចឡើយ ដូចច្នេះអ្នកត្រូវធ្វើអ្វីៗដែលអាចការពារខ្លួនពីការឆ្លង រក្សាសុខភាពនឹងភាពសប្បាយចិត្តក្នុងអំឡុងពេលនេះតាមវិធីដូចខាងក្រោម៖

១. ផ្តោតទៅលើការពិតដែលកំពុងតែកើតឡើង កុំធ្វើការគិតអំពីរឿងដែលនៅខាងមុខ (ដូចជាកូវីដនឹងមិនបញ្ចប់ក្នុងពេលឆាប់ៗនេះទេ!) វាជាការគិតអវិជ្ជមាន ហើយវាមិនបានធ្វើឲ្យអ្នកធូរស្បើយឬសប្បាយចិត្តឡើយ ផ្ទុយទៅវិញកាន់តែមានការភ័យខ្លាចនឹងព្រួយបារម្ភកាន់តែខ្លាំង។

២. ធ្វើឲ្យមានភាពសកម្មនៃរាងកាយឬក៏ធ្វើការហាត់ប្រាណ ជំហានដំបូងក្នុងការជំរុញសុភមង្គលនឹងភាពសប្បាយចិត្តរបស់អ្នកនោះគឺត្រូវតែថែរក្សាសុខភាពរាងកាយរបស់អ្នក វាមានការទាក់ទងយ៉ាងខ្លាំងជាមួយសុខភាពផ្លូវចិត្តដែលធ្វើឲ្យអ្នកអាចសប្បាយចិត្តបានផងដែរ។

៣. ធ្វើការទំនាក់ទំនងជាមួយគ្រួសារមិត្តភក្ដិដៃគូស្នេហា ការភ្ជាប់ទំនាក់ទំនងជាមួយពួកគេគឺពិតជារឿងសំខាន់ណាស់ ជាមួយបច្ចេកវិទ្យាទំនើបជាច្រើនដែលយើងអាចប្រើដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលនៅឆ្ងាយ ហើយត្រូវប្រាកដថាពួកគេមិនត្រូវបានទុកចោល ឬនៅដាច់ដោយឡែកតែម្នាក់ឯងឡើយ (ពួកគេមានអ្នក អ្នកមានពួកគេ)៕