ខេត្តសៀមរាប៖ យុវជនវ័យក្មេងម្នាក់ ទៅបង់សំណាញ់ជាមួយឪពុក ស្រាប់តែ​ជួបនឹងហេតុការណ៍ដ៏អាក្រក់ ​ច្រាំង​មាត់អូរ បាក់សង្កត់ពីលើ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ។

លោក ហ៊ុន ចក់ ​អាយុ៥៩ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ ដែល​ស្ថិតនៅកន្លែងកើតហេតុនោះ បានឲ្យដឹងថា មុនពេលជួបនឹងហេតុការណ៍ដ៏អាក្រក់នេះ ​គឺនៅវេលាម៉ោងប្រហែលជា១ និង៣០នាទីរសៀល គាត់បាននាំកូនទៅបង់សំណាញ់ នៅលើស្ពានតូច ស្ថិតនៅភូមិរហាល ឃុំតាសៀម ។ លុះមកដល់វេលាម៉ោង៥ និង៣០នាទីល្ងាច ​កូនរបស់គាត់បានយកសំណាញ់ទៅគ្របពីលើច្រាំង ក្រោមគុម្ពឫស្សី។ ចំណែកគាត់ក៏នៅក្បែរនោះដែរ ហើយពេលកំពុងតែមុជរាវ ស្រវារកត្រី ស្រាប់តែបាក់មាត់ច្រាំងសង្កត់ ពីលើកូនរបស់គាត់ បណ្ដាលឲ្យស្លាប់មួយរំពេច។ បន្ទាប់មក គាត់បានរាយការណ៍ទៅសមត្ថកិច្ច និងហៅអេស្កាវ៉ាទ័រមកជួយកាយរកសពកូនចេញពីក្នុងទឹក។

មន្រ្ដីនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា កាលពីវេលាខាងលើ សមត្ថកិច្ចបានទទួលសេចក្ដីរាយការណ៍ពីករណីនេះ។ បន្ទាប់មក សមត្ថកិច្ចបានចុះទៅពិនិត្យ​ ហើយ​ហៅអេស្កា​វ៉ាទ័រ មកកាយយកសពជនរងគ្រោះ។ ​ជនរងគ្រោះ ឈ្មោះ ចក់ ចែម ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។

​ក្រោយពេល​កើតហេតុ កម្លាំងជំនាញបច្ចេកទេស បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ រកឃើញថា សពមានស្លាកស្នាមដាច់រលាត់ នៅលើភ្នែក និងខ្ទង់ច្រមុះ​ បណ្ដាលមកពីការបាក់ច្រាំងអូរ សង្កត់ពីលើ។ បើតាមការពិនិត្យ ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារការបាក់ច្រាំងអូរ សង្កត់​ប្រាកដមែន ហើយវាពុំមែនពាក់ព័ន្ធនឹងករណីបទល្មើសព្រហ្មទណ្ឌឡើយ៕