រាជធានីភ្នំពេញ ៖ ខណៈដែលនៅរាជធានីភ្នំពេញ បានឆ្លងរីករាលដាល់ជំងឺកូវីដ-១៩ ខ្លាំងជាងតាមបណ្តាខេត្តផ្សេង ។ ប្រមុខរាជដ្ឋាភិបាលបានចេញវិធានការ និងបម្រាមហូរហែ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ តែផ្ទុះទៅវិញ ហាងយីហោ «ផ្ទះសុខភាព» ស្ទីម ម៉ាស្សាសូណា មិនបានអនុវត្តន៍តាមបម្រាមខាងលើសោះឡើយ ដោយផ្គើនបន្តលួចបើកទទួលភ្ញៀវយ៉ាងរំភើយ លុះអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ស៊ើបដឹង ក៏ចុះបង្ក្រាប និងបិទទីតាំងមួយនេះតែម្ដង ព្រមទាំងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១២នាក់ ។

ប្រតិបត្តិការចុះបិទទីតាំងម៉ាស្សាខាងលើនេះ បានធ្វើឡើងកាលល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ ក្នុងសង្កាត់សង្កាត់ចោមទី១ ខណ្ឌពោធិ៍សែនជ័យ ។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ក្រោយក្រុមការងារបានត្រួតពិនិត្យឃើញថា ហាងខាងលើបានបន្តលួចបើកអាជីវកម្ម ទោះបីអាជ្ញាធរធ្វើការណែនាំ ក៏ដូចជាការជូនដំណឹងរួចមកហើយក្តី ក៏ម្ចាស់ហាងមួយនេះ មិនបានចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នោះឡើយ ដោយទីតាំងនេះពិតជាបើកដំណើរការនោះ ទើបអាជ្ញាធរខណ្ឌបានដឹកនាំកម្លាំងចុះបង្ក្រាប សម្រេចបិទទីតាំងមួយនេះជាបណ្ដោះអាសន្ន និងធ្វើការឃាត់ខ្លួនអ្នកមើលការខុសត្រូវ និងភ្ញៀវចំនួន១២នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់។

ជាមួយគ្នានោះដែរ លោក ហែម ដារិទ្ធិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនអាជីវករ ដែលប្រកបអាជីវកម្ម ក្នុងមូលដ្ឋានខណ្ឌ មេត្តាចូលរួមអនុវត្តន៍តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន «៣ការពារ និង៣កុំ» ឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន៕