កូវីដ១៩កំពុងមានការរីករាលដាលនៅក្នុងសហគមន៍នៃប្រទេសកម្ពុជា ដែលធ្វើឱ្យអារម្មណ៍របស់ប្រជាជនយើងគ្រប់លំដាប់ថ្នាក់មានការប៉ះពាល់ដែលធ្វើឱ្យជះឥទ្ធិពលមិនសូវល្អដល់សកម្មភាពប្រចាំថ្ងៃ។ទន្ទឹមជាមួយគ្នានេះ ដើម្បីកុំឱ្យមានការប៉ះទង្គិចផ្លូវចិត្តកាន់តែធ្ងន់យើងក៏ត្រូវជៀសវាងសកម្មភាពមួយចំនួនផងដែរ។ ដើម្បីជៀសវាងកុំឱ្យមានបញ្ហាលើផ្នែកអារម្មណ៍កាន់តែខ្លាំងដោយសារការរាតត្បាតរបស់ វីរុសកូវីដ១៩លើកនេះយើងគួរតែ៖

-មិនត្រូវនៅតែក្នុងបន្ទប់បិទជិតទេ ត្រូវចេញក្រៅបន្ទប់ខ្លះ។
-កាត់បន្ថយការញុំាកាហ្វេ (អាចទទួលទានតែពេលព្រឹកម្ដងបានហើយ) ដើម្បីឱ្យចិត្តនិងរាងកាយយើងឆាប់បានសម្រាក។
-កាត់បន្ថយការទទួលទានគ្រឿងស្រវឹង។
-កាត់បន្ថយការតាមដានព៌ត័មានណា ដែលធ្វើឱ្យមានអារម្មណ៍រន្ធត់ឬតក់ស្លុត ភ័យខ្លាច។
-ជៀសវាងការគិតអវិជ្ជមាន ដោយជំនួសមកវិញនូវការបង្កើតជំនឿការគិតវិជ្ជមានល្អ ដើម្បីឱ្យកើតមាននូវភាពស្ងប់សុខក្នុងចិត្តរបស់យើង។
-ជៀសវាងការបង្ហាញអាកប្បកិរិយាណាមួយដែលបំភ័យ ឬប្រើពាក្យសម្ដីធ្វើឱ្យកុមារកាន់តែតានតឹង។
-កុំប្រើហិង្សាណាមួយទៅលើកូនៗ ដោយជំនួសវិញនូវការអប់រំ ប្រើរបៀបនៃការនិយាយលើកទឹកចិត្តគាត់វិញ ។
-យើងត្រូវធ្វើការអនុវត្តន៍វិធានការ៣ការពារនិង៣កុំរបស់ក្រសួងសុខាភិបាលបន្ថែមផងដែរ។

កំឡុងពេលនេះសុខភាពផ្លូវចិត្តក៏ដើរតួសំខាន់ក្នុងការជួយឱ្យជីវិតយើង មានស្មារតីរឹងមាំដើម្បីប្រឈមមុខនឹងបញ្ហាដែលកំពុងកើតនាកំឡុងការរាតត្បាតនៃជំងឺនេះផងដែរ។ ក្នុងនោះគ្រួសារក៏ជាផ្នែកមួយដែលជួយលើកស្ទួយផ្លូវចិត្តយើងកាន់តែរឹងមាំផងដែរ។ ហេតុនេះ គួរចំណាយពេលធ្វើសកម្មភាពសប្បាយរីករាយជាមួយគ្រួសារ ធ្វើឱ្យគ្រួសារមានអារម្មណ៍ថាកក់ក្ដៅនៅពេលនៅជួបជុំគ្នា។

សូមរក្សាការពារខ្លួនឱ្យល្អ នាកំឡុងពេលរីករាលដាលនៃជំងឺនេះ មិនថាទាំងសុខភាពរាងកាយនិងផ្លូវចិត្តទេគឺដើរតួសំខាន់មិនអាចខ្វះបានឡើយ៕