សម័យកូវីដបែបនេះទាល់តែធ្វើម្ហូបណាដែលញ៉ាំបានយូរហើយ ដើម្បីរក្សាសុវត្ថភាពមិនសូវទៅ ផ្សារញឹកញាប់ពេក។ ម៉្យាងទៀត នៅផ្ទះក៏ទំនេរច្រើនដែរគួររៀនធ្វើម្ហូបញ៉ាំដោយខ្លួនឯងខ្លះក៏ល្អ។

១. គ្រឿងផ្សំ
– ជើងជ្រូក ( កាត់ជាដុំៗល្មម )
– ពងទា ( ស្ងោរឲ្យឆ្អិន )
– ទឹកត្រី
– ម្សៅស៊ុប
– អំបិល
– ស្ករត្នោត
– ម្រេច
– ខ្ទឹមសចិញ្រ្ចាំ

២. វិធីធ្វើ
ដំបូងយកជើងជ្រូក មកប្រលាក់ជាមួយទឹកត្រី ម្សៅស៊ុប អំបិល ម្រេច និង ស្ករបន្តិច រួចទុកឲ្យចូលជាតិ។ ដាក់ខ្លាញ់បន្តិចចូលក្នុងឆ្នាំង រួចដាក់ស្ករត្នោតចូល កូរឲ្យឡើងក្រហមល្អ ( ប្រើភ្លើងតិចៗ ) ហើយដាក់ខ្ទឹមសចិញ្រ្ចាំ កូរឲ្យឈ្ងុយ។ បន្ទាប់មកដាក់ជើងជ្រូកចូល កូរឲ្យសព្វជាមួយហ្នឹងស្ករ ( បន្ថែមទឹកបន្តិច ដើម្បីកុំឲ្យខ្លោច ) និង ដាក់ពងទាចូល រំងាស់ទុកឲ្យចូលជាតិ ទើបបន្ថែមទឹកចូល ទុកឲ្យពុះ ភ្លក់មើលឲ្យល្មម បើស្ទើរគ្រឿងអ្វី អាចបន្ថែមបន្តិចទៀត តាមការចូលចិត្ត។ រួចបន្តរំងាស់ទុកឲ្យឆ្អិន និង ផុយសាច់ល្អហើយលើកចេញ រួចជាការស្រេច៕