ព្រឹកមិញ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​បាន​ប្រកាស​​ជា​ផ្លូវ​ការ​រួច​ហើយ ពី​​ការ​ត​កុង​ត្រា​ជា​មួយ​លោក​ Honda ​ជា​អ្នក​ចាត់ការ​រហូត​ដល់​ឆ្នាំ​២០២៣ ដែល​ជា​ឆ្នាំ​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​។

លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះថា «ខ្ញុំអាចឆ្លើយបានថា យើងយកលោក Keisuke Honda ដែលជាជនជាតិជប៉ុន និងជាកីឡាករអន្តរជាតិដ៏ល្បីល្បាញរូបនេះបន្តដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងឋានៈជាអ្នកចាត់ការទូទៅដដែល មានន័យថា យើងបន្តកុងត្រាថ្មី ដោយលោក Honda នឹងពិនិត្យមើលក្រុមឈុតធំ និងក្រុមឈុតអាយុក្រោម២៣ឆ្នាំ។ ចំណែកឯលោក Felix Dalmas ជនជាតិអាហ្សង់ទីន ដែលជាអតីតគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា នៅក្នុងក្រុមដឹកនាំជាមួយលោក Honda កាលពីពេលកន្លងទៅនោះ មិនបន្តដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយើងទៀតទេ»។

គ្រូបង្គោលថ្មី ដែលនឹងមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាជាបន្តនោះ គឺគ្រូបង្គោលមួយរូប គឺជាជនជាតិជប៉ុនដែរ ដែលគ្រូបង្គោលរូបនោះកំពុងធ្វើចត្តាឡីស័កបញ្ចប់១៤ថ្ងៃសិន និងរង់ចាំការបញ្ជាក់ពីក្រសួងសុខាភិបាលថាតើ គ្រូបង្គោលរូបនោះអាចមកបង្ហាត់ក្រុមកីឡាករជម្រើសជាតិកម្ពុជាបានឬអត់។

លោកគ្រូ Felix Dalmas បានដឹកនាំក្រុមជម្រើសជាតិកម្ពុជាចាប់តាំងពីឆ្នាំ២០១៨ ហើយអ្វីដែរយើងចងចាំមិនភ្លេច គឺ លោកបានឈរដឹកនាំកូនក្រុមទាំងមានបញ្ហារបួសជើងមិនទាន់វះកាត់ និង ជួយក្រុមកម្ពុជាបំបែកប្រវត្តិសាស្រ្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Sea Games ២០១៩៕