សម្លម្ជូរគ្រឿងគឺជាម្ហូបខ្មែរមួយប្រភេទ ដែលមានរសជាតិ ជូរ ផែ្អម ឈ្ងុយឆ្ងាញ់ ពិសាដោយ មាន គ្រឿងផ្សំ ជាច្រើនដូចជា សណ្តែកដី លីង ស្លឹកគ្រៃ រមៀត ម្ទេសស្លឹក ក្រូចសើច យកមកបុកច្របល់ឲ្យម៉ដ្ឋ។ ចំណែក សាច់វិញគេអាចស្ល សម្លម្ជូរគ្រឿង ជាមួយ សាច់ ត្រី សាច់ គោ សាច់មាន់ និងសាច់ជ្រូកឆ្អឹងជំនីរ ជ្រូកតាមតែពេញចិត្ត ព្រមទាំងមានប្រហុកថែមទៀតហើយ បន្លែគេអាចស្លជាមួយត្រកួន ឬត្រប់ ។

១. គ្រឿងផ្សំ
សាច់ (ត្រី/គោ/មាន់/ជ្រូក/ឆ្អឹង ជំនីរ)លាងទឹកឲ្យស្អាតរួចហាន់ជាកង់ៗ
ខ្ទិះដូង (ខ្ទិះ ដើម និង ខ្ទិះ ចុង )
ម្ជូរ(សណ្ដាន់ក្រៀម/អំពិល ទុំ/ត្រួយ អំពិល/ស្លឹក ម្កាក់/ស្លឹក ថ្នឹង)
គល់ស្លឹកគ្រៃ រំដេង រមៀត សម្បក ឬស្លឹកក្រូចសើច ខ្ទឹមក្រហម ខ្ទឹមស បុកឬកិន ចូលគ្នាឲ្យម៉ដ្ឋ
ប្រហុកចិញ្ច្រាំ សណ្តែកដីបុក ម្ទេសឆ្អើរចិញ្ច្រាំ
ស្ករត្នោត ប៊ីចេង អំបិល ទឹកត្រី
ត្រកួន ឬ ត្រប់ ស្លឹកក្រូចសើច ម្ទេសដៃនាង

២. វិធីធ្វើ
ដាក់ឆ្នាំងលើចង្ក្រានឲ្យក្ដៅបន្ដិច រួចចាក់ខ្ទិះដើមពាក់កណ្ដាល ទៅក្នុងឆ្នាំងកូរឲ្យឈ្ងុយ។ ដាក់ម្ទេសឆ្អើរដែលបាន ចិញ្ច្រាំរួចចូលរួចកូរឲ្យឡើងពណ៌ល្អ។ បន្ទាប់មកយកប្រហុកដែលចិញ្ច្រាំ រួចចូលកូរឲ្យឈ្ងុយ ទើបចាក់គ្រឿងដែលបានបុករួចចូលព្រមគ្នា ជាមួយសណ្តែកដីបុក ហើយកូរឲ្យចូលជាតិ។ ដាក់គ្រឿងផ្សំ រសជាតិ(ស្ករ ត្នោត, ប៊ីចេង, អំបិល, ទឹកត្រី) រួចដាក់សាច់ចូលទុក រយៈពេលប្រហែល ១០នាទី។ បន្ទាប់មក ចាក់ខ្ទិះចុងចូលល្មមលិចសាច់ រួចដាក់ម្ជូរសណ្ដាន់ ឬ អំពិលទុំចូល (បើប្រើម្ជូរស្លឹកថ្នឹង ស្លឹកម្កាក់ ឬត្រួយអំពិលចាំហាន់ដាក់ជាមួយបន្លែក្រោយគេ ) ភ្លក្ស មើលឲ្យបានរសជាតិប្រៃផ្អែមល្មមរួចចាក់ខ្ទិះដើមដែលនៅសល់ចូលទុកមួយអំពុះ ទើបដាក់ ចុះជាការស្រេច។ នៅពេលដួសទទួលទានកុំភ្លេចយកម្ទេសដៃនាង និងស្លឹក ក្រូចសើចមកហាន់ រោយពីលើដើម្បីលម្អ និងមានក្លិនកាន់តែឈ្ងុយឆ្ងាញ់៕