ប្រាសាទសម្បូរព្រៃគុហ៍មានទីតាំងស្ថិតនៅក្នុងភូមិសម្បូរ ឃុំសម្បូរ ស្រុកសម្បូរ ខេត្តកំពង់ធំ ។ ប្រាសាទនេះស្ថិតនៅតាមបណ្ដោយស្ទឹងសែន ដែលមានចម្ងាយប្រហែល២៨គីឡូម៉ែត្រពីរាជធានីអង្គរនៃខេត្តសៀមរាប និងមានចម្ងាយប្រហែល១៧០គីឡូម៉ែត្រពីប្រាសាទព្រះវិហារ។រមណីយដ្ឋានសម្បូរព្រៃគុកជារាជធានីចាស់ដែលមានឈ្មោះថា ឥសានបុរៈ ពីសម័យនោះជាមជ្ឈមណ្ឌលនៃពា្រហ្មញ្ញសាសនា ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈឬព្រះឥសូរនិយម ។ ប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ និងថ្មបាយក្រៀម ដែលលំអរទៅដោយចម្លាក់ពីលើឥដ្ឋចាក់ពុម្ភដោយបាយអ ជាផ្ទាំងៗអំពីឥដ្ឋ តែបច្ចុប្បន្នរបេះអស់មួយចំនួន ។

រាជធានីបុរាណប្រាសាទសម្បូរព្រៃគុហ៍ ត្រូវបានរកឃើញនាពេលបច្ចុប្បន្ននេះត្រូវបានគេកំណត់ថាជាឥសានបុរៈ ដែលជារាជធានីនៃសម័យចេនឡា នៅសតវត្សទី៧ ។ ចេនឡាជាអតីតសាមន្តររដ្ឋនៃនគរភ្នំនោះគឺជាការមួយនៃរដ្ឋដំបូងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍់ប៉ុន្តែវាបានបាត់បង់ទៅវិញដោយសារមានការធ្វើចម្បាំងជាមួយអាណាចក្រភ្នំនិងការកើនឡើងជាបណ្ដើរនៃអំណាចរបស់អាណាចក្រចេនឡា ដោយព្រះបាទភវវរ្ម័នទី១ ។

រមណីយដ្ឋានប្រាសាទសម្បូរព្រៃគុហ៍ត្រូវបានបែងចែកជាបួនក្រុមធំៗដូចជា ៖
១ ក្រុមប្រាសាទខាងជើង ៖ ហៅថាប្រាសាទសំបូរកណ្ដាល និងព័ទ្ធជុំវិញដោយប្រាសាទតូចៗ ហើយប្លែកៗពីគ្នា
២ ប្រាសាទកណ្ដាល ៖ ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្ដាលមានទ្វារចូលពីទិសខាងជើង ឯទ្វារបើកពីទិសមួយទៀតជាទ្វារបញ្ឆោត ។ នៅត្រង់ក្បាលជណ្ដើរទាំង៤ មានរូបតោអង្គុយបញ្ឈរជង្គង់ពីរ ក្នុងទិសនីមួយៗ ហៅថាទេវកថា ។ នៅភាគខាងលិចនៃប្រាសាទតោ មានក្រុមប្រាសាទតូចៗជាច្រើនទៀត ។
៣ ក្រុមប្រាសាទខាងត្បូង ៖ ហៅថា ប្រាសាទយាយព័ន្ធ ដែលស្ថិតនៅចំកណ្ដាលហ៊ុព័ទ្ធដោយប្រាសាទជាច្រើន មានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមាន តោបុរៈ ចូលទាំងបួនទិស ។ ក្រុមប្រាសាទទាំងនេះជា អតីតរាជធានី ។
៤ ក្រុមប្រាសាទក្រោលមាស ៖ មានទីតាំងនៅខាងជើងប្រាសាទសំបូរព្រៃគុក មានប្រាសាទតូចៗធ្វើអំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម ។

ដោយពីដំបូងប្រាសាទសម្បូរព្រៃគុហ៍នេះមានឈ្មោះដើមថាឦសានបុរៈ ជាភាសាបាលីឬសំស្រ្កឹត ដែលមានន័យថា ទីក្រុងរបស់ព្រះសិវៈ។ ដោយតាមសិលាវចារឹកប្រាសាទបរមាសលេខK-១៥១ នៅក្នុងសតវត្សទី៦ និងទី៨ នៃគ្រឹស្តសករាជ។ ប្រវត្ថិវិទូកំណត់ថា រាជធានីសំបូរព្រៃគុហ៍ ដែលមានព្រះមហាក្សត្រចំនួន៣ សោយរាជ្យនៅរាជធានីនេះ ។ តាមរយៈសិលាចារឹកក៏បានផ្ដល់ព័ត៌មានអំពីឈ្មោះព្រះមហាក្សត្រ ពិធីសាសនា កាលបរិច្ឆេទកសាងប្រាសាទ អ្នកមប្រើប្រាសាទ និងឈ្មោះរាជធានីនេះផងដែរ ។

ប្រាសាទនេះក៏មានលក្ខណៈដូចប្រាសាទដទៃទៀតនៅប្រទេសកម្ពុជាដែរ តែវាមានកំផែងព័ទ្ធជុំវិញ មានស្រះទឹក និងមានកន្លែងបូជាផ្សេងៗ គួរឲ្យចាប់អារម្មណ៍។ បច្ចុប្បន្ននេះប្រាសាទសម្បូរព្រៃគុហ៍បានទាក់ទាញភ្ងៀវទេសចរណ៍ បរទេសនិងក្នុងស្រុកជាច្រើន មកទស្សនាកំសាន្ត ដែលជាហេតុជួយបង្កើនកម្ពស់ជីវភាពប្រជាជន រស់នៅតាមតំបន់នោះ និងជួយផ្សព្វផ្សាយនូវវប្បធម៌របស់ខ្មែរ ឲ្យកាន់តែច្រើនទៀតផង ។