សម្លចិនមួយមុខនេះទទួលបានប្រជាប្រិយភាពខ្លាំងនៅពេលចូលឆ្នាំចិន ព្រោះគេចូលចិត្តធ្វើសម្លនេះដោយសារទុកបានយូរ និងមានរសជាតិឆ្ងាញ់។ ប៉ុន្ដែបងប្អូនយើងមួយចំនួនក៏មិនទាន់ចេះធ្វើដែរ ហើយក៏ខ្ជិលធ្វើព្រោះគិតថាមានគ្រឿងផ្សំច្រើន អាចពិបាកធ្វើ។ ការពិតគ្មានអ្វីពិបាកទេ មករៀនធ្វើតាមadmin មកងាយហើយឆ្ងាញ់ទៀត។

១. គ្រឿងផ្សំ
– ឆ្អឹងជំនី ឬ ជើងជ្រូក
– ស្បែកជ្រូកបំពង
– ផ្សិតត្រចៀកកណ្តុរ
– ឆៃថាវ
– ការ៉ុត
– ស្ពៃក្តោប
– ស្ពៃបូគោ
– ដំឡូងបារាំង
– ខាត់ណា
– ស្លឹកខ្ទឹម
– ជីវ៉ាន់ស៊ុយ
– អំបិល
– ស្ករ
– ប៊ីចេង
– ទឹកត្រី
– ម្សៅស៊ុប
– ប្រេងឆា

២. វិធីធ្វើ
– ឆ្អឹងជំនី ឬ ជើងជ្រូក លាងទឹកឱ្យស្អាត កាប់ជាដុំធំបន្តិច។
– ស្បែកជ្រូកបំពង និងផ្សិត ត្រចៀកកណ្តុរ ដាក់ត្រាំទឹកឱ្យរីក រួចកាត់ឱ្យខ្លីៗ ។
– ការ៉ុត ឆៃថាវ ដំឡូងបារាំង ចិតសំបកចេញលាងទឹកឱ្យស្អាត រួចកាត់ជាដុំៗ ។
– ស្ពៃក្តោប និង ស្ពៃបូគោ កាត់វាឱ្យខ្លីៗល្មម ។
– ខាត់ណាសកវាឱ្យស្អាត កាត់គល់ដាក់ផ្សេង ស្លឹកដាក់ផ្សេង។
– ស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយលាងទឹកឱ្យស្អាតហាន់ឱ្យល្អិតល្មម ។
– ខ្ទឹមសចិញ្ច្រាំឱ្យល្អិត។
– ដាក់ឆ្នាំងដាំឱ្យក្តៅ ចាក់ប្រេងឆាចូល រួចដាក់ខ្ទឹមចិញ្ច្រាំចូល រួចលីងឱ្យឈ្ងុយបន្តិច ទើបចាក់ទឹកត្រីចូល រួចដាក់ឆ្អឹងជ្រូកចូល ដាក់អំបិល ស្ករ ប៊ីចេង ម្សៅស៊ុប កូរឱ្យសព្វ ចាក់ទឹកបន្តិច ប្រហែល ៥ នាទី ទើបដាក់ស្បែកជ្រូក និងផ្សិតត្រចៀកកណ្តុរ និង បន្លែដើមខាត់ណា ការ៉ុត ឆៃថាវ និង ដំឡូងបារាំងចូលជាមួយគ្នាតែម្តង រំងាស់ឱ្យឆ្អឹង និង បន្លែនោះផុយបន្តិច (រំងាស់ដំបូងចាក់ទឹកបន្តិចម្តងៗ) ប្រហែល ២០ នាទី ទើបចាក់ទឹកឱ្យច្រើនតែម្តង។ ហើយរំងាស់វាឱ្យពុះម្តងទៀត ភ្លក់មើលឱ្យល្មម ទើបដាក់ស្ពៃបូគោ ស្ពៃក្តោប និងស្លឹកខាត់ណាចូលមួយពុះ រួចដួសដាក់ចាន រោយស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយពីលើជាការស្រេច៕