គ្នាយើងមួយចំនួនទំនងជាមានការរវល់ច្រើនមិនមានពេលគ្រប់គ្រាន់ ដើម្បីហាត់ប្រាណ ឬទៅក្លឹប ហាត់ប្រាណ តែកុំបារម្ភអីក្រៅពីការបញ្ចេញកម្លាំងកាយនៅក្លឹបហាត់ប្រាណនៅមានវិធីមួយចំនួនទៀត អាចជួយគ្នាយើងបញ្ចេញញើសបានដែរ។ វិធីទាំងនោះមានដូចជា៖

១. ធ្វើកិច្ចការផ្ទះ
កិច្ចការផ្ទះខ្លះដូចជា ជូតសម្អាត ផ្ទះ លាងរថយន្ត ឬម៉ូតូ ក៏ជាសកម្មភាពមួយជួយឲ្យគ្នាយើងបាន បញ្ចេញញើសផងដែរ។ ក្រៅពីនេះសកម្មភាពដូចជា លាងរថយន្ត ឬសម្អាតផ្ទះ ក៏ជួយជំរុញឲ្យគ្នាយើង មានអារម្មណ៍ល្អផងដែរ ។

២. ធ្វើសួន
កាន់តែពិសេសទៅទៀត បើគ្នាយើងមានផ្ទះ និងមានដីសល់ខ្លះៗផង កុំទុកចោលអីចូររៀបចំធ្វើជា សួនដាំបន្លែ ឬផ្កាតាមចំណូលចិត្តរបស់យើង។ ការងារទាំងនេះ មិនត្រឹមតែជួយឲ្យយើងបានផលពីសួន បន្លែនោះទេតែក៏បានជួយឲ្យគ្នាយើងបញ្ចេញកម្លាំងពលកម្ម បញ្ចេញញើសតាមរយៈការជីកការកាប់គាស់ ឬលើកដាក់ថូចុះឡើងជាដើម។ មិនតែប៉ុណ្ណោះ វិធីនេះក៏ជួយឱ្យយើងមានអារម្មណ៍ល្អផងដែរ។

៣. រាំលេង
ដូចគ្នាយើងដឹងហើយថា ការស្ដាប់តន្រ្តីជួយឲ្យគ្នាយើងមានអារម្មណ៍ល្អ ហើយបើយើងមានបទភ្លេងដែលយើងពេញចិត្ត និងអាចរាំលេងជាមួយសមាជិកគ្រួសារទៀតនោះកាន់តែប្រសើរថែមទៀត។ ការ បើកតន្រ្តីតិចៗល្មមតែឮសំឡេងក្នុងផ្ទះយើង និងរាំលេងក៏ជាសកម្មភាពមួយជួយឲ្យយើងបញ្ចេញញើស បានដែរ។ ការរាំត្រូវបានអ្នកជំនាញលើកឡើងថា មានប្រយោជន៍ជួយពង្រឹងសុខភាពបេះដូង សាច់ដុំ និង សួតរបស់យើង ហើយក៏ធ្វើឲ្យយើងមានអារម្មណ៍រីករាយដូចគ្នា៕