ព្រះរាជាណាចក្រកម្ពុជាជាប្រទេសដែលត្រូវបានគេចាត់ទុកថាមានប្រពៃណីវប្បធ៏មទំនៀមទំលាប់សម្បូរបែបទាំងនៅក្នុងតំបន់ក៍ដូចជាពិភពលោក  ។ ពិធីបុណ្យជាប្រពៃណីទំនៀមទម្លាប់របស់ជាតិដែលមានតាំងពីបូរាណាចារ្យមក ត្រូវបានរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលអាក់ខាន លើកលែងតែមានករណីពិសេសណាមួយកើតឡើង ។

ដោយឡែកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឬ សង្រ្កាន្តខ្មែរ ត្រូវបានប្រារព្ធធ្វើដោយចាប់ផ្តើមពីថ្ងៃទី១៣.១៤ ខែមេសា និងបញ្ចប់នៅថ្ងៃទី១៥.១៦ ខែមេសានៃឆ្នាំនីមួយៗ ។ សង្រ្កាន្តខ្មែរជាភាសាសំស្រ្កឹតប្រែមកថា ដំណើរឃ្លាតចាកទី ការឈានចូលដល់ដំណើរដែលព្រះអាទិត្យចរណ៍ចូលដល់ទីមួយជុំរាសីចក្រ គឺដំណើរដែលដើមនិងចុងនៃរាសីចក្រជួបគ្នាពេញគម្រប់មួយឆ្នាំ ឬ និយាយដោយងាយថាជាដំណើរដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី ។

កន្លងមកនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គេសង្កេតឃើញពលរដ្ឋខ្មែរ ភាគច្រើនជាយុវវ័យ តែងគ្នាលេងល្បែងតាមប្រជាប្រិយខ្មែរនៅតាមផ្ទះ ភូមិ ឬក្នុងបរិវេណវត្តជាដើម ប៉ុន្តែប្រមាណជា២០ឆ្នាំចុងក្រោយនេះ ការលេងល្បែងរបាំប្រជាប្រិយខ្មែរបានបាត់បង់បន្តិចម្តងៗ ស្ទើរតែរលាយសូន្យពីសង្គមខ្មែរដ៍មានវប្បធ៏មប្រពៃណី និងអារិយធ៏មខ្ពង់ខ្ពស់តាំងពីបូរាណាចារ្យអស់កាលដ៍យូរនោះ ។

ការបាត់បង់នូវការលេងល្បែងប្រជាប្រិយខ្មែរនៅមុនចូលឆ្នាំខ្មែរ (អ្នកភូមិខ្លះលេងតាំងពីដើមខែមីនាមកម្ល៉េះ) ត្រូវបានគេមើលឃើញថា ដោយសារម្យ៉ាងការកើតមានបងតូចបងធំក្នុងភូមិ ការមិនយកចិត្តទុកដាក់ផ្តួចផ្តើមគំនិតបើកឲ្យមានការលេងល្បែងប្រជាប្រិយពីសំណាក់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងពលរដ្ឋខ្លះយល់ថាវា(ល្បែងប្រជាប្រិយ)ហួសសម័យនៃបច្ចេកវិទ្យាទំនើបជាដើម ។

ល្បែងប្រជាប្រិយខ្មែរដែលខ្មែររាប់ជំនាន់មកហើយនាំគ្នាលេងនោះរួមមាន៖ ល្បែងស្តេចចង់ ឬ អៀវ ល្បែងចោលឈូង ចាប់កូនខ្លែង លោតអន្ទាក់ លាក់កន្សែង ឱបត្រឡាច បិទពួន បោះអង្គញ់ គោះត្រឡាច រាវបង្កង ទាញព្រ័ត្រ កូនគោល ចោះប្រមាត លាក់កូនកាស លាក់ធ្យូង ប៉ក់ចាប ស្វាដណ្តើមស្លឹកឈើ និងល្បែងបាយខុំជាដើម ៕