កម្ពុជា គឺជាប្រទេសដែលពិភពលោកទទួលស្គាល់ និងបានផ្តល់ងារឲ្យថា«ប្រទេសកសិកម្ម» ដោយសារតែប្រជាពលរដ្ឋប្រមាណ ជាង១៥លាននាក់ ក្នុងប្រទេសមួយនេះ មាន៨៥ភាគរយ ប្រកបរបរកសិកម្ម។ ថ្វីត្បិតតែប្រទេសកម្ពុជា មានកសិករប្រមាណ ៨៥ ភាគរយប្រកបរបរកសិកម្មក៏ពិតមែន ប៉ុន្តែបើក្រឡេកទៅមើលភាពជាក់ស្តែង ផលដំណាំដែលបានមកពីកសិករខ្មែរធ្វើស្រែចម្ការហាក់បីដូចជាមានចំនួនតិចតូចនៅឡើយ មិនអាចនឹងផ្គត់ផ្គង់ទៅនឹងតម្រូវការចំាបាច់នៅក្នុងប្រទេសកម្ពុជានោះឡើយ។ ដោយសារតែកសិករអស់ជំនឿចិត្តក្នុងការដាំដុះដំណាំ ហើយមូលហេតុនោះគឺបណ្ដាលមកពី៖

• លោក សម វិទូ ប្រធានអង្គការសេដាក បានលើកឡើងនូវមូលហេតុ៤ចំណុច ដែលធ្វើឲ្យកសិករខ្មែរខ្វះសមត្ថភាពក្នុងការដាំដុះ៖
១. កសិករខ្មែរមិនទាន់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសត្រឹមត្រូវ និងគ្រប់គ្រាន់ក្នុងការដាំដុះ ដោយកសិករភាគច្រើន ពួកគេប្រើជីកសិកម្មទាំងខុសបច្ចេកទេស។

២. កង្វះទឹក ព្រោះប្រព័ន្ធធារាសាស្រ្តរបស់យើងមិនទាន់អាចផ្គត់ផ្គង់គ្រប់គ្រាន់ ជាពិសេស ដំណាំដែលដាំដុះនៅរដូវប្រាំ ព្រោះកសិករខ្លះ គាត់ពឹងផ្អែកទៅលើទឹកភ្លៀង។
៣. សេវាកម្មផ្សព្វផ្សាយសាធារណៈ មិនបានផ្សព្វផ្សាយទូលំទូលាយទៅដល់កសិករផ្ទាល់ (នៅមានតិចតួចនៅឡើយ)។

៤. កសិករខ្មែរនិយមដាំដំណាំតាមគ្នា ពោល គឺបើសិនមានកសិករមួយក្នុងភូមិដែលដាំដំណាំណាបានល្អ ធ្វើឲ្យកសិករផ្សេងទៀត នាំគ្នាមើល និងអនុវត្តន៍តាម ដែលពេលខ្លះពួកគេជួបបញ្ហាលើសតម្រូវការទីផ្សារ ជាពិសេសទីផ្សារក្នុងតំបន់របស់ពួកគាត់តែម្តង។ ដូច្នេះ ពួកគាត់ត្រូវមានផែនការច្បាស់លាស់ក្នុងការផលិត ដើម្បីផ្គត់ផ្គង់ឲ្យចំតម្រូវទីផ្សារ៕