ដោយសារមួយរយៈនេះមានបងប្អូនមួយចំនួនមិនទាន់យល់ ឬបែងចែកពាក្យពីរនេះមិនទាន់ដាច់ស្រេច។ ហើយវាក៏ជាប្រធានបទក្ដៅគគុកដែរ នៅលើបណ្ដាញសង្គម។ ដូច្នេះ ថ្ងៃនេះយើងនឹងបង្ហាញឱ្យបងប្អូនយល់កាន់តែច្បាស់អំពីពាក្យទាំងពីរនេះ។

ការចងបំពង់មេជីវិតរបស់បុរសមិនមែនគេហៅថា «គ្រៀវ» ទេ គឺគេហៅថា «ការពន្យាកំណើត» សម្រាប់បុរស។ ដែលការពន្យាកំណើតនេះមិនប៉ះពាល់ដល់អារម្មណ៍ផ្លូវភេទ និងសមត្ថភាពផ្លូវភេទរបស់បុរសទេ ហើយថែមទាំងជួយសម្រាលបន្ទុកប្រពន្ធទៀតផង ព្រោះការពន្យាកំណើតសម្រាប់ស្រីភាគច្រើនបំផុត គឺមានប្រើប្រាស់អរម៉ូន ដែលវាអាចប៉ះពាល់ដល់សុខភាពស្ត្រី។ នេះបើតាមការរៀបរាប់នៅលើទំព័រហ្វេសប៊ុក លោកវេជ្ជបណ្ឌិត ហ៊ាង រតនា។

វេជ្ជបណ្ឌិតបានបន្តថា៖ ចំណែកពាក្យ «គ្រៀវ» គេសំដៅលើការវះកាត់យកពងស្វាសចេញតែម្តង ធ្វើអោយបាត់អរម៉ូនបុរស និងបាត់បង់អាម្មណ៍ផ្លូវភេទ និងសមត្ថភាពផ្លូវភេទ ប្រែសំលេងជាស្រួយ…សម័យនេះភាគច្រើនគេធ្វើលើសត្វជ្រូក ចំណែកគេធ្វើលើមនុស្សតែសម័យបុរាណនៅប្រទេសចិនប៉ុណ្ណោះ គេធ្វើលើអាម៉ាត្រ និងមហាថ្លិក (មនុស្សដែលនៅក្បែរព្រះមហេសី និងស្រីស្នំស្តេច ជៀសវៀងមានស្នេហាផ្លូវភេទលួចលាក់)៕