ជីវិតអ្នកកសិកម្មគ្មានអ្វីសប្បាយចិត្តជាងពេលឃើញដំណាំរបស់ខ្លួនមានការលូតលាស់ល្អនោះទេ។ បន្ថែមពីនោះ តែងតែរិះរកគ្រប់វិធីដើម្បីឱ្យដំណាំរបស់ខ្លួនលូតលាស់និងមានផ្លែផ្កាល្អ។ ថ្ងៃនេះ យើងនឹងបង្ហាញបងប្អូនអំពីវិធីក្នុងការធ្វើអាហារសម្រាប់ប៉ូវដល់ដំណាំឱ្យទទួលបានការលូតលាស់ល្អ។

១. វត្ថុធាតុផ្សំ៖
– ស្លឹកទន្រ្ទានខែត្រ ១០គីឡូក្រាម
– ទឹកនោមគោ ២០លីត្រ
– អាចម៍ប្រចៀវ ៣គីឡូក្រាម
– អាចម៍គោស្រស់ ៥គីឡូក្រាម
– ខ្យង និងក្តាម ៥គីឡូក្រាម
– មេជី ៥០០មីលីលីត្រ

២. វិធីធ្វើ ៖
ត្រូវយកស្លឹកទន្រ្ទានខែត្រទៅហាន់ ឬចិញ្រ្ចាំឱ្យល្អិត រួចច្របល់ជាមួយវត្ថុធាតុដើមផ្សេងទៀតឱ្យសព្វល្អ។ ច្រកចូលក្នុងបាវក្រចៅ យកទៅដាក់ក្នុងពាង និងចាក់ទឹកឱ្យលិចបាវ គ្របឱ្យជិតល្អ។ រួចត្រាំទុក ពី២០ ទៅ ៣០ថ្ងៃ ទើបប្រើបាន (អំឡុងពេលត្រាំនេះ កូរតែម្តងគត់ គឺនៅថ្ងៃទី១០)។

៣. វិធីប្រើប្រាស់ ៖
– ចំពោះកូនដំណាំ យកទឹកថ្នាំ១កំប៉ុងទឹកដោះគោ លាយជាមួយទឹកធម្មតា ១០លីត្រ ស្រោចលើកូនដំណាំនៅពេលល្ងាច។
– ចំពោះដំណាំធំ យកទឹកថ្នាំ១កំប៉ុងទឹកដោះគោ លាយជាមួយទឹកធម្មតា ១៥លីត្រ ស្រោចលើដំណាំរាល់៧ថ្ងៃម្តង ក៏ស្រោចនៅពេលល្ងាចដែរ ប្រសិទ្ធភាព ធ្វើឱ្យដំណាំដុះលូតលាស់បានល្អ ធំ និងថ្លោសលឿន៕