បងប្អូនស្រ្ដីមេផ្ទះទាំងអស់ ថ្ងៃនេះយើងមកសាកមើលពីរបៀបធ្វើម្ហូបខ្មែរយើងវិញម្ដង។ ម្ហូបមួយមុខនេះពិតជាងាយស្រួលក្នុងការធ្វើមែនទែន ហើយថែមទាំងទុកហូបបានយូរទៀតផង។ ត្រង់ចំពេលវេលានៃរដូវការកូវីដបែបនេះព្រោះមិនចាំបាច់ទៅផ្សារច្រើនដង ធ្វើតែមួយមុខនេះញ៉ាំបានពីរបីថ្ងៃ។ តោះ! មកមើលពីរបៀបធ្វើទាំងអស់គ្នា!

១. គ្រឿងផ្សំ
-សាច់ជ្រូក 500 g
-ប្រហុក 200 g
-ខ្ទឹមសរ 5 កំពឹស
-ម្ទេស 8 ផ្លែ
-ខ្ទឹមក្រហម 1 ដុំ
-គល់ស្លឹកគ្រៃ ហាន់អោយល្អិតៗ
-ស្លឹកក្រូចសើច
-ស្លឹកខ្ទឹម ហាន់អោយល្អិតៗ
-អំពិលខ្ចី បុកឲ្យម៉ត់
-ស្ករត្នោត 2 ស្លាបព្រាកាហ្វេ
-ម្សៅស៊ុបបន្ដិច

២. វិធីធ្វើ
ដំបូងអ្នកត្រូវលាងប្រហុកឲ្យស្អាតបន្ទាប់មក ធ្វើការចិញ្ច្រាំវាឲ្យម៉ត់ទុកមួយឡែក។ បន្ទាប់មកទៀតយើងដាក់ខ្ទះឲក្ដៅ ហើយដាក់ប្រេងឆាតិច ហើយលីង ខ្ទឹមសរ ខ្ទឹមក្រហម និងបន្ថែមគល់ស្លឹកគ្រៃដែរហាន់អោយល្អិតៗចូលទៅ។ បន្ទាប់មកត្រូវលីងអោយមានខ្លិនឈ្ងុយសិន ចាំដាក់សាច់ជ្រូក និង អំពិលដែរបុកឲ្យម៉ត់នោះចូលទៅជាមួយដែរ ធ្វើការលីងរហូតទាល់តែឡើងពណ៌ក្រហមហើយចាំដាក់ស្ករត្នោត និងលីងរហូតដល់ដាច់ទឹក ចាំដាក់ម្សៅស៊ុបបន្ដិច និងស្លឹកខ្ទឹម ហើយកូរពីរ ទៅបីត្រឡប់ រួចចាំភ្លក្សរសជាតិសាប រឺ ប្រៃតាមការចំណូលចិត្ត ជាការស្រេច៕