រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ជាមេដោះរបស់កូនលោកស្រី ទ្រី ដាណា បានជាប់ចោទពីករណី​លួចលុយ ចំនួន ១២ ០០០ដុល្លារ ហើយត្រូវបានចាប់ខ្លួន ប្រគល់ឲ្យកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី​៣ ខែមីនា ឆ្នាំ២០២១ ស្ថិត​ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ​។

មន្រ្ដី​​អាវុធហត្ថខណ្ឌព្រែកព្នៅ បានឲ្យដឹងថា ជនសង័្សយ​ដែលជាប់ចោទពីបទលួច (លុយ) នោះ ឈ្មោះ​ សំរិត ផល អាយុ៣៥ឆ្នាំ មុខរបរ​មើលថែកូនរបស់ជនរងគ្រោះ) ស្នាក់នៅក្នុងហាងលក់គ្រឿងអលង្ការទ្រី ដាណា ​មហាវិថី ឈ្នះ=ឈ្នះ ស្ថិត​ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះ  ទ្រី សាលីន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ រស់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយតំណាងឱ្យជនរងគ្រោះ ឈ្មោះ ទ្រី ដាណា។

មន្រ្ដី​​អាវុធហត្ថខណ្ឌព្រែកព្នៅ បានបន្ថែមថា  បន្ទាប់ពីបានទទួលជនសង្ស័យរួចហើយហើយ សមត្ថកិច្ចក៏បាននាំទៅសាកសួរ។ នៅពេលនេះ ជនសង័្សយបានប្រាប់សមត្ថកិច្ចថា គាត់​ពិតជាបានលួចយកលុយរបស់លោកស្រី ទ្រី ដាណា ចំនួន ១២ ០០០ដុល្លារអាមេរិក (មួយម៉ឺនពីរពាន់ដុល្លារ) ពិតប្រាកដមែន។

ក្រោយពេលសាកសួរជាបឋមហើយ សមត្ថកិច្ចបានបញ្ជូនជនសង័្សយទៅកាន់​ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕