រាជធានីភ្នំពេញ៖ ក្រោយពេលសមត្ថកិច្ចបង្ក្រាបទៅលើមេខ្លោងឧក្រិដ្ឋជន ដែលបាននាំបក្ខពួកចូលទៅប្លន់ ​ចាប់ជំរិត និង​រៀបចំគម្រោងសម្លាប់មួយ​គ្រួសារ​នោះ​មក តែរហូតមកដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ក៏នៅមិន​ទាន់មានសាច់ញាតិណាអើពើ ស្រាប់តែចំប៉ីខ្មៅចេញមុខប្រកាស​ធ្វើបុណ្យ ៧ ថ្ងៃ និងទិញកោដ្ឋដាក់ធាតុឲ្យ។

​ចំប៉ីខ្មៅ បានប្រកាសលើហ្វេសប៊ុករបស់ខ្លួន​ថា ​ខ្មោចដែលបានស្លាប់បាត់ទៅហើយ ប៉ុន្ដែនៅឡើយតែកេរ្ដិ៍ឈ្មោះស្អុយ។ មនុស្សយើងគ្មានអ្នកណាម្នាក់ដឹងថា ខ្លួននឹងស្លាប់ ព្រោះអ្វី នៅកន្លែងណា នៅទីណានោះទេ។ ការស្លាប់​មិនដឹងថាពេលណា សូម្បីតែពេលវេលាថ្ងៃនេះ ឬថ្ងៃស្អែក ថ្ងៃណាមួយក៏មិនដឹងដែរ។ មេខ្លោងឧក្រិដ្ឋជន អ៊ឹម សុវណ្ណារិទ្ធ បានស្លាប់បាត់ទៅហើយ ហើយ​ខ្ញុំមិនមែនជាញាតិ និងក៏មិនដែលស្គាល់ មិនដែលជួបដែរ។

ចំប៉ីខ្មៅ បានបន្ដថា រិទ្ធ បានស្លាប់ទៅហើយ ហើយខ្ញុំបាន​ត្រឹមតែទិញ​កោដ្ឋដាក់ឆ្អឹងឱ្យ និងនិមន្តព្រះសង្ឃសូត្រមន្តឱ្យតែប៉ុណ្ណឹង។ ខ្ញុំសង្ឃឹមថា មិត្តដែលធ្លាប់ជល់កែវជាមួយរិទ្ធ នឹងមកជូនដំណើរគាត់ចុងក្រោយ។ មនុស្សណាមិនធ្លាប់ខុស តែគ្នាស្លាប់ទៅហើយ ឆ្អឹង ធាតុគ្នា គួរតែដាក់ឱ្យបានសមរម្យជាមនុស្ស។ ខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូន នឹងអហោសិកម្មឱ្យចោរ ដែលស្លាប់ទៅហើយនេះ។ សូម្បីតែបងប្អូនរបស់គេ ក៏មិនបានអើពើដែរ តែខ្ញុំមានតែជួយរក្សាបានប៉ុណ្ណឹង។

ចំប៉ីខ្មៅ បានបញ្ជាក់ថា នៅពេលគម្រប់បុណ្យ៧ថ្ងៃ ខ្ញុំនឹងនិមន្តព្រះសង្ឃសូត្រមន្តតាមប្រពៃណី នៃពិធីបុណ្យសព បើពុកម៉ែបងប្អូន យល់ថាការធ្វើបុណ្យ ត្រូវរើសថា ជាមនុស្សល្អ ឬ អាក្រក់ ជាសិទ្ធិ ក្នុងការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នា តែសូមធ្វើបុណ្យជាមួយចោរមួយក្បាលដែលគ្នាស្លាប់ទៅគ្មានញាតិផងនេះផង»។

សូមជម្រាបថា អ៊ឹម សុវណ្ណារិទ្ធ ជាមេខ្លោងឧក្រិដ្ឋបានរៀបចំគម្រោងរួចរាល់ហើយ ទើបនាំបក្ខពួកចូលទៅចាប់ប្លន់ និងចាប់ជំរិត ដោយមានគម្រោងសម្លាប់ជនរងគ្រោះអស់មួយគ្រួសារ ហើយត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថបង្ក្រាបបានទាន់ពេលវេលា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅក្នុងបុរីអង្គរភ្នំពេញ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ៕