ភ្នំពេញ ៖ មានមនុស្សជាច្រើនណាស់ដែលបានគិតថាមនុស្សដែលខ្លួនឯងស្រឡាញ់បំផុតនោះគឺប្រាកដជា ម្តាយឪពុក បងប្អូន គ្រួសារ មិត្តភក្តិជិតស្និទ្ធិ ឬក៏គូសង្សារជាដើម។ ក៏ប៉ុន្តែការពិតជាក់ស្តែងនោះ វាមិនបែបនេះនោះទេ។

អ្នកអាចសាកអង្គុយ ដោយដកដង្ហើមឲ្យវែងៗដោយសម្រួលអារម្មណ៍មួយៗ ហើយចាប់ផ្តើមគិតសារជាថ្មីថាតើនរណាម្នាក់ជាមនុស្សដែលអ្នកកំពុងតែស្រឡាញ់ខ្លាំងជាងគេបំផុតនោះ? រាល់ថ្ងៃនេះអ្នកតែងតែងូតទឹកជម្រះខ្លួនប្រាណ ដុសធ្មេញ ស្លៀកពាក់ស្អាតបាត សិតសក់ឲ្យមានរបៀប ខំញ៉ាំអាហារមួយថ្ងៃដល់ទៅបីពេល ខំគេងឲ្យបានយ៉ាងតិចពី៦ ទៅ៨ម៉ោង ថែមទាំងខំថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់ ហើយអ្នកសួរទៅម់ើលថារាល់ថ្ងៃអ្នកកំពុងតែធ្វើបែបនេះដើម្បីនរណា? តើនរណាដែលអ្នកស្រឡាញ់ជាង? ប្រាកដណាស់ចម្លើយគឺអ្នកកំពុងតែធ្វើរឿងសព្វបែបយ៉ាងទាំងនេះគឺដើម្បីខ្លួនឯង។ នេះគឺវាមិនមែនជារឿងអាត្មានិយមទេ តែវាជាតួនាទី និងការយកចិត្តទុកដាក់ចំពោះជីវិតខ្លួនឯង។

អ្វីដែលជាការលើកឡើងខាងលើនេះចង់បញ្ជាក់ឲ្យអ្នកដឹងថា អ្នកគឺជាមនុស្សតែម្នាក់ដែលអាចស្រឡាញ់ខ្លួនឯងបានយ៉ាងពេញលេញ ហេតុនេះចូរអ្នកកុំបាច់ព្យាយាមរំពឹង ឬរង់ចាំក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ពីនរណាម្នាក់ជ្រុលខ្លាំងពេក ព្រោះមានតែខ្លួនអ្នកនេះឯងដែលត្រូវតែមានតួនាទីក្នុងការផ្តល់ក្ដីស្រឡាញ់ឲ្យខ្លួនឯងបានច្រើនបំផុត ជាពិសេសនៅពេលដែលអ្នកស្រឡាញ់ខ្លួនឯងបានត្រឹមត្រូវហើយនោះអ្នកនឹងដឹងពីរបៀបដែលត្រូវស្រឡាញ់អ្នកដទៃវិញដូចគ្នាដែរ។

ហេតុនេះវេលាដែលអ្នកបានយល់ដឹងពីខ្លួនឯងហើយនោះ ចូរអ្នកខិតខំប្រឹងប្រែងរៀនសូត្របន្ថែម ឬបំពេញការងារឲ្យអស់ពីសមត្ថភាពនោះអ្នកនឹងទទួលបានផ្លែផ្កាដ៏សមប្រកបមួយដែលអ្នកធ្លាប់រំពឹង​ ឬសង្ឃឹមទុកបានជាមិនខាន។

ចូរអ្នកត្រូវចងចាំថា អ្នកគឺជាបុគ្គលដែលសំខាន់មួយរូបក្នុងការដាប់ឆ្លាក់ជោគវាសនា​អនាគតរបស់ខ្លួនឯង ហេតុនេះត្រូវរស់ក្នុងនាមជាខ្លួនឯង និងអាចដកដង្ហើមបានដោយខ្លួនឯងមិនចាំបាច់ខ្ចីដង្ហើមរបស់អ្នកដទៃយកមកបន្តរស់នោះឡើយ អ្វីដែលសំខាន់នោះអ្នកត្រូវចាំថានៅពេលដែលអ្នកចេះស្រឡាញ់ខ្លួនឯង នោះនឹងអាចទទួលវាបានពីអ្នកដទៃបានដូចគ្នា៕

អត្ថបទដោយ ៖​ ក. ប៊ុត សុខឡៃ