បរទេស៖ ចាប់តាំងពីវីរុសកូរ៉ូណារាតត្បាត នៅលើពិភពលោកនោះមក ធ្វើឲ្យមនុស្សជាតិ​ទាំងអស់ មានការលំបាកយ៉ាងខ្លាំង ក្នុងការធ្វើដំណើរ ពីតំបន់មួយទៅតំបន់មួយ ពីប្រទេសមួយទៅប្រទេសមួយ ដោយសារអាជ្ញាធរមានការរឹតត្បឹតយ៉ាងខ្លាំង ខ្លាចជំងឺដ៏កាចសាហាវនេះ ហើយដើម្បីគេច​ពីអំពីបញ្ហយាលំបាក​​ទាំងនេះ មានប្រទេសជាច្រើន កំពុងតែពិចារណាលើការចេញលិខិតឆ្លងដែនកូវីដ១៩ ដោយក្នុងនោះមានប្រទេសថៃផងដែរ។

លោក Anutin Charnvirakul រដ្ឋមន្រ្ដីក្រសួងសុខាភិបាលសាធារណៈថៃ បានថ្លែង កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ថា ប្រជាពលរដ្ឋណាដែល​ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ១៩រួចរាល់ហើយនោះ ក្រសួងសុខាភិបាលថៃ នឹងផ្ដល់សៀវភៅមួយក្បាលជូនគាត់។ នេះជាភ័ស្ដុតាង សម្រាប់ការធ្វើដំណើរឆ្លងកាត់ ពីប្រទេសមួយទៅប្រទេសមួយ ហើយក៏ជាការផ្ដល់នូវទំនុកចិត្តជាសាធារណៈផងដែរ។​​

រដ្ឋមន្រ្ដីក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា ក្រសួងសុខាភិបាលថៃ កំពុងតែរៀបចំ ដើម្បីធ្វីឲ្យជីវភាពរបស់ប្រជាពលរដ្ឋ វិលទៅរកភាពប្រក្រតីជាធម្មតាឡើង​វិញ ហើយស្ដារនូវពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសថៃ ឲ្យប្រសើរឡើងវិញ ដូចមុនពេលមានការផ្ទុះឡើង នៃកូវីដ១៩នេះ។

លោករដ្ឋមន្រ្ដីក្រសួងសុខាភិបាលថៃ បានបន្ថែមថា គណៈកម្មាធិការ​ជាតិប្រយុទ្ធនឹងជំងឺឆ្លង​ នឹងពិភាក្សា អំពីលិខិតឆ្លងដែនវ៉ាក់សាំង នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។ នេះជាជម្រើសដ៏ល្អមួយ សម្រាប់ប្រជាពលរដ្ឋ អាចធ្វើដំណើរទៅមក ជាមួយនឹងប្រទេសនានា​ ដែលមានមនុស្សមួយចំនួនធំ ត្រូវបាន​ចាក់វ៉ាក់សាំងបង្ការកូវីដរួចរាល់ហើយ។

ទោះជាយ៉ាងណា លោករដ្ឋមន្រ្ដីក្រសួងសុខាភិបាល នៅតែបន្ដជំរុញឲ្យប្រជាពលរដ្ឋ ពាក់ម៉ាស់ នៅក្នុងទីសាធារណៈ។ ប៉ុន្ដែបច្ចុប្បន្ននេះ លោកកត់សម្គាល់ឃើញថា អត្រានៃចំនួនប្រជាពលរដ្ឋពាក់ម៉ាស់ មានប្រហែលតែ៨០ភាគរយ ពោលគឺតិចជាង កាលពីខែមុន ពាក់ម៉ាស់ រហូតដល់ទៅ៩០ភាគរយ៕