ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៤ ខែមីនា​ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានមួយដោយបានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៣១នាក់ ក្នុងនោះករណីឆ្លងនៅក្នុងសហគមន៍ ដែលជាព្រឹត្តការណ៍សហគមន៍២០កុម្ភៈ មានចំនួន ២៨នាក់ និង៣នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស។

អ្វីដែលគួឲ្យកត់សម្គាល់នោះឃើញថាចំនួនអ្នកឆ្លងនៅក្នុងសហគមន៍ទាំង២៨នាក់ ត្រូវបានរកឃើញមានក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដោយមានជនជាតិចិនចំនួន ១៧នាក់ ជនជាតិខ្មែរមានចំនួន ១០នាក់ និងជនជាតិវៀតណាមម្នាក់ផងដែរ ខណៈអ្នកដំណើរមកពីក្រៅប្រទេសឆ្លងកូវីដចំនួន៣នាក់នោះគឺជាជនជាតិឥណ្ឌូនេស៊ីធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ីផ្ទាល់ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

ក្នុងនោះផងដែរ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរថានៅថ្ងៃនេះក៏មានអ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន២នាក់ផងដែរ ដែលជាអ្នកប៉ះពាល់ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» គឺកុមារជនជាតិខ្មែរ អាយុ១១ឆ្នាំ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងបុរសជនជាតិចិន នៅខណ្ឌចំការមន។

គួរំលឹកផងដែរថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៩០៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤២៥នាក់៕