ភ្នំពេញ ៖ បើគិតត្រឹមម៉ោង១២ ពាក់កណ្តាលយប់ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរខេត្តព្រះសីហនុ បានបញ្ជាក់យ៉ាងច្បាស់ៗថា បានយកវត្ថុសំណាកសរុបចំនួន ៩៩៧០នាក់ ស្រី ៤២៣៨ ដោយក្នុងនោះមានអ្នកដែលបានវិជ្ជមានកូវីដ១៩ចំនួន ៧១នាក់ ស្រីចំនួន៣២នាក់ ហើយអ្នកឆ្លងទាំងនោះរួមមានជនជាតិចិនចំនួន ៦០នាក់ ស្រី២៥នាក់, ជនជាតិវៀតណាមចំនួន៥នាក់ និងជនជាតិខ្មែរចំនួន៦នាក់ ស្រី២នាក់។

រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីប្រកាសព័ត៌មានចំនួន១១ច្បាប់ខុសៗគ្នានៅរាត្រីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២១ ដោយបានប្រកាសប្រាប់ទៅដល់សាធារណជន ទាំងអស់ដែលមានទំនាក់ទំនងជិតដិត ជាពិសេសនោះគឺអ្នកបើករថយន្ត និងម៉ូតូកង់បី ដែលបានធ្វើការដឹកភ្ញៀវ រកឃើញវិជ្ជមានកូវីដ១៩ ត្រូវអញ្ជើញទៅធ្វើតេស្តសំណាកនៅតាមទីតាំងក្នុងរាជធានី-ខេត្ត ដែលបងប្អូនប្រជាពលរដ្ឋកំពុងតែស្នាក់នៅ។

ក្នុងនោះផងដែរ រដ្ឋបាលនាខេត្តព្រះសីហនុក៏បានសង្កត់ធ្ងន់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងខេត្តព្រះសីហនុសូមមេត្តារួសរាន់ទៅធ្វើតេស្តសំណាកនៅតាមសាលាបឋមសិក្សា ឬតាមអនុវិទ្យាល័យតេជោសែនកម្មករ ឲ្យបានឆាប់បំផុត។ សម្រាប់បុគ្គលដែលគ្មានរោគសញ្ញា ឬបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ដោយប្រយោល សូមធ្វើការតាមដានសុខភាពរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងត្រូវធ្វើចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃ ដោយនៅផ្ទះរៀងៗខ្លួន គិតចាប់ពីថ្ងៃដែលមានការពាក់ព័ន្ធតទៅ ដើម្បីជាការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍៕