ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានទទួលការចាក់វ៉ាក់សាំងប្រឆាំង ជំងឺកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹក ថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១នេះ រួចរាល់ហើយ។


បន្ទាប់ពីការចាក់វ៉ាក់សាំង សម្តេចតេជោហ៊ុន សែន ក៏នឹងធ្វើសន្និសីទកាសែតពាក់ព័ន្ធវ៉ាក់សាំង និងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ នៅកម្ពុជាផងដែរ។


គួររំលឹកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានផែនការចាក់វ៉ាក់សាំងប្រឆាំងជំងឺ កូវីដ១៩ ( ស៊ីណូហ្វា ម ) លើកដំបូងតាំងតែពីថ្ងៃ ទី ១០ ខែកុម្ភៈ ២០២១ក៏ប៉ុន្តែដោយសារតែវ៉ាក់សាំងស៊ីណូហ្វាម របស់ប្រទេសចិនមិនអាចឲ្យអ្នកមានអាយុលើសពី ៥៩ឆ្នាំ ចាក់បាននោះទេ។ ដូច្នេះបានជាផែនការទទួល វ៉ាក់សាំង លើកដំបូងរបស់សម្តេចគឺមិនអាចធ្វើទៅបាន។


គួរបញ្ជាក់ផងដែរថា ការប្រកាសចាក់វ៉ាក់សាំងជាថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើឡើងមុន ២ ថ្ងៃនៃការមកដល់នៃវ៉ាក់សាំង Astra Zenecaដែលជា វ៉ាក់សាំង ជំនួយ របស់មជ្ឈម ណ្ឌលកូវ៉ាក់(COVAX Facility ) ។ វ៉ាក់សាំងនេះត្រូវបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ ដូសកាលពី ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១៕