រាជធានីភ្នំពេញ ៖ នៅព្រឹកនេះ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល នឹងចុះយកសំណាកពីសិស្ស និងគ្រូបង្រៀន និងអ្នកលក់ដូរ នៅក្នុវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា នៅព្រឹកនេះ ថ្នាក់ដឹកនាំក្រសួងអប់រំ កំពុងរៀបចំទីតាំងដើម្បីសម្រួលដល់ក្រុមគ្រូពេទ្យជំនាញ ក្នុងការយកសំណាកសិស្សនៅតាមថ្នាក់រៀននីមួយៗដែលមានសិស្សរហូតដល់ជាង៤០០០នាក់។ ចំណែកសាលាឯកជន អេស អាយ អេស (SIS) ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កម្ភៈនោះក៏នឹងត្រូវយកសំណាកដូចគ្នាដែរ បន្ទាប់ពីមានម្តាយសិស្សម្នាក់មានឆ្លងជំងឺកូវីដ១៩។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្អាកវិទ្យាល័យហ៊ុន សែន ភ្នំពេញថ្មី និងសាលាអេសអាយអេស ដោយសារសាលាទាំងនេះ មានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕