ខេត្តកណ្ដាល៖ ក្រោយពេលមានបុរសម្នាក់ឆ្លងកូវីដ-១៩ អាជ្ញាធរបានចុះទៅបិទក្លឹបឡូហ្សិក និងនាំបុគ្គលិក ចំនួន៧៤នាក់ (បុរស១១នាក់) ទៅធ្វើចត្ដាឡីស័ក។បើតាមគណនីផ្ទាល់ខ្លួនរបស់រដ្ឋមន្រ្ដីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា បុគ្គលិកក្លឹបខារ៉ាអូខេ (ឡូហ្សិក២) ចំនួន៧៤ នាក់ (ប្រុស១១នាក់) ត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រៃកតាពៅ បន្ទាប់ពីរកឃើញបុគ្គលិកម្នាក់មានវិជ្ជមានកូវីដ-១៩។

ប្រភព័ត៌មានដដែល បានបញ្ជាក់ថា ​អាជ្ញាធរ​ កាលពីរសៀល ថ្ងៃទី២១ ខែកុម្ភៈ បានចុះទៅបិទ​បិទទីតាំងហាងខារ៉ាអូខេ(ឡូហ្ស៊ិក២) បន្ទាប់ពីរកឃើញថា ប្តីរបស់ស្ត្រីម្នាក់បម្រើការងារ នៅទីនោះ មានផ្ទុកជំងឺកូវីដ-១៩។ រីឯ​ស្រ្ដីជាភរិយាធ្វើការ នៅក្លឹបកម្សាន្ត N8 ​ជាកន្លែងកើតមានករណីឆ្លងកូវីដ-១៩ ចូលទៅក្នុងសហគមន៍ នៅរាជធានីភ្នំពេញ។

បើ​តាម​ក្រុមការងារ បានឲ្យដឹងថា  សមត្ថកិច្ច និងអាជ្ញាធរក្រុងតាខ្មៅ បានចុះបិទទីតាំងហាងផឹកស៊ី និងខារ៉ាអូខេ (យីហោឡូហ្ស៊ិក, ២) នៅតាមបណ្តោយផ្លូវ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល។ ការចុះបិទទីតាំងខារ៉ាអូខេ(ឡូហ្ស៊ិក២) នេះបានឡើង បន្ទាប់ពីរកឃើញថា បុរសម្នាក់ឈ្មោះ គង់ ចាន់ឌី អាយុ៣៩ឆ្នាំ បម្រើការងារនៅទីនោះ មានផ្ទុកជំងឺ​កូវីដ១៩ ។ បុរសរូបនេះមានប្រពន្ធនៅបម្រើការងារក្នុងហាងផឹកស៊ី និងខារ៉ាអូខេផងដែរ ទើបសមត្ថកិច្ច និងអាជ្ញាធរបា​នសម្រេចចុះបិទទីតាំងនេះ ជាបណ្តោះអាសន្ន រកអ្នកដែលពាក់ព័ន្ធ ហើយយកសំណាក  និងនាំពួកគាត់យកទៅធ្វើចត្តាឡីស័ក ។

ដោយឡែក​ស្ត្រីជាបុគ្គលិកខាងលើ ត្រូវបាននាំ​ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពចាក់អង្រែ។ ចំណែកទីតាំងផ្ទះជួលរបស់ប្តីប្រពន្ធខាងលើនេះ​ ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងទីតាំងផ្ទះនៅស្រុកកៀនស្វាយ ក៏ត្រូវបានសមត្ថកិច្ចចុះបិទជាបណ្តោះអាសន្នផងដែរ។សមត្ថកិច្ចបានបញ្ជាក់ថា បុគ្គលិកក្លឹបកម្សាន្ត(ឡូហ្សិក២) ចំនួន៧៤នាក់ ក្នុងនោះមានបុរស១១នាក់ ត្រូវបានបញ្ជូន​ទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រែកតាពៅ ស្ថិតក្នុងភូមិដើមមៀន សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល ៕