រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៣៥នាក់ ក្នុងនោះ៣១នាក់ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» និង៤នាក់ផ្សេងទៀតជាអ្នកដំណើរមកពីក្រៅប្រទេស ខណៈមានអ្នកជាសះស្បើយចំនួន២នាក់។

សូមបញ្ជាក់ថា អ្នកដែលរកឃើញថា ឆ្លងជំងឺកូវីដ-១៩ នៅព្រឹកនេះ ភាគីច្រើនជាជនជាតិចិន ក្នុងនោះមានក្មេងប្រុសជនជាតិខ្មែរម្នាក់អាយុ១១ឆ្នាំ ស្នាក់នៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ និងបុរសជនជាតិខ្មែរម្នាក់ អាយុ៣៥ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

ទន្ទឹមគ្នានេះដែរ ក្រសួងសុខាភិបាល បានអំពាវនាដល់អ្នកដែលពាក់ព័ន្ធ ធ្លាប់ចេញចូលទីតាំងចំនួន២៣ (មានក្នុងតារាង) ចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬបុគ្គលដែលពាក់ព័ន្ធព្រឹត្តិការណ៍ ឬដឹងខ្លួនថា ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ត្រូវស្ម័គ្រចិត្តមកធ្វើតេស្តរកកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ ហើយដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដានសុខភាពជារៀងរាល់ថ្ងៃ។ ក្នុងករណីមានអាការមិនស្រួលខ្លួន ដូចជាឡើងកម្តៅខ្លួន ក្អក ផ្តាសាយ ឈឺបំពង់ក ឬពិបាកដកដង្ហើមជាដើម សូមទូរស័ព្ទទៅលេខទូរស័ព្ទទាន់ហេតុការណ៍១១៥៕