ខេត្តកណ្តាល៖ កាលពីពេលថ្មីៗនេះ មានគណនីហ្វេសបុកសុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ក្នុងគេហទំព័រហ្វេសបុក ការពិត GCNP នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានខ្លឹមសារថា «ខ្ញុំសូមរាយការណ៍ករណីគប់កញ្ចក់ឡានខ្ញុំនៅទឹកដីឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ខ្ញុំបើកឡានមកពីផ្ទះនៅឃុំឈើទាល ត្រឡប់ទៅភ្នំពេញវិញម្នាក់ឯង នៅវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ចំណុចកើតហេតុនៅមុខវត្តឫស្សីស្រុក ផ្លូវលេខ២១បេ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ខ្ញុំបានទូរស័ព្ទប្រាប់លោកមេប៉ុស្តិ៍ឈើទាល រួចហើយ។ ជនសង្ស័យជិះម៉ូតូមួយគ្រឿងបញ្ច្រាស់ទិសគ្នា ដោយខ្ញុំទិសដៅចូលរាជធានីភ្នំពេញវិញ។ ដោយសារយប់ខ្ញុំមិនបានចាប់អារម្មណ៍មិនបានកំណត់អត្តសញ្ញាណម៉ូតូជនសង្ស័យឡើយ»។

ក្រោយទទួលបានដំណឹងភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានដឹកនាំកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ចុះដល់ទីតាំងកើតហេតុ ពិនិត្យឃើញថា ទីតាំងកើតហេតុស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួចកម្លាំងបានសាកសួរប្រជាពលរដ្ឋ និងព័ត៌មានពីម្ចាស់រថយន្តផ្ទាល់ បានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ចន្លោះម៉ោង ២២ និង៣០នាទី ទៅម៉ោង២២ និង៥០នាទី ម្ចាស់រថយន្តបានធ្វើដំណើរទៅរាជធានីភ្នំពេញ ពេលមកដល់ចំណុចកើតហេតុ ក៏មានយុវជនម្នាក់ ជិះម៉ូតូមិនស្គាល់ម៉ាកបានធ្វើសកម្មភាពយកដុំថ្មគប់មកលើរថយន្ត បណ្តាលឱ្យបែកកញ្ចក់ខាងមុខ ពេលធ្វើសកម្មភាពរួច មុខសញ្ញាបានជិះម៉ូតូគេចខ្លួនមកកាន់ទឹកដីឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជុំវិញនឹងករណីនេះ កម្លាំងជំនាញពាក់ព័ន្ធកំពុងបន្តធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យចាត់ការតាមនីតិវីធី៕