នាយករដ្ឋមន្រ្តី ប្រទេសកូរ៉េខាងត្បូង លោក Chung Sye-kyun បាននិយាយនៅថ្ងៃអង្គារ នេះថាប្រទេសកូរ៉េខាងត្បូង បានរៀបចំទិញវ៉ាក់សាំងការពារជម្ងឺកូរ៉ូណាសំរាប់ប្រជាជនរបស់ខ្លួន២៣លាននាក់បន្ថែមទៀត ការលើកឡើងនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីអាជ្ញាធរបាននិយាយថា ការពន្យារពេល និងការព្រួយបារម្ភអំពីប្រសិទ្ធភាព មានន័យថាមានមនុស្សកាន់តែតិច នឹងត្រូវបានចាក់វ៉ាក់សាំង នៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះ។

លោក Chung Sye-kyun នាយករដ្ឋមន្រ្តីនិយាយថាកិច្ចព្រមព្រៀងទាំងនេះ រួមមានវ៉ាក់សាំង Novavax សម្រាប់មនុស្សចំនួន ២០ លាននាក់និងផលិតផលក្រុមហ៊ុន Pfizer ចំនួន ៣ លាននាក់។ លោកនិយាយថា រដ្ឋាភិបាលបាននិងកំពុងធ្វើការ ដើម្បីនាំយកការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ ប៉ុន្តែមានភាពមិនប្រាកដប្រជានៅលើផែនការចាក់វ៉ាក់សាំងរបស់យើង សម្រាប់ឆមាសទី ១ ដោយសារបញ្ហាផលិតកម្ម ជាមួយក្រុមហ៊ុនផលិតឱសថពិភពលោក និងការប្រកួតប្រជែងអន្តរជាតិ ដើម្បីទទួលបានវ៉ាក់សាំងបន្ថែមទៀត។

ដោយមានប្រជាជនចំនួន ៥២ លាននាក់ ប្រទេសកូរ៉េខាងត្បូង ទទួលវ៉ាក់សាំង មកពីក្រុមហ៊ុន COVAX, Pfizer, Moderna, AstraZeneca និងក្រុមហ៊ុន Johnson & Johnson ហើយ គ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងនៅថ្ងៃទី ២៦ ខែកុម្ភៈ។ កាលពីថ្ងៃច័ន្ទអាជ្ញាធរ បាននិយាយថាពួកគេ នឹងមិនប្រើវ៉ាក់សាំងកូរ៉ូណា របស់ក្រុមហ៊ុន AstraZeneca លើមនុស្សដែលមានអាយុចាប់ពី៦៥ ឆ្នាំនោះទេ ។ ទីភ្នាក់ងារគ្រប់គ្រង និងការពារជំងឺ ប្រទេសកូរ៉េ (KDCA) បានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាសរុបចំនួន ៨៤.៣២៥ ករណី ដោយមានមនុស្សស្លាប់ចំនួន ១.៥៣៤ នាក់។