ប្រតិភូសហរដ្ឋអាមេរិក ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃច័ន្ទ ទី១៥ ខែកុម្ភៈ បានស្វាគមន៍ការតែងតាំងលោកស្រី Ngozi Okonjo-Iweala ជាអគ្គនាយកថ្មី ហើយបាននិយាយថា សហរដ្ឋអាមេរិក កំពុងពឹងផ្អែកលើលោកស្រី ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងការធ្វើកំណែទម្រង់ និងធ្វើឱ្យស្ថាប័នពាណិជ្ជកម្មពិភពលោកមានភាពប្រសើរឡើងវិញ។

ភារៈធារី លោកដាវីដ ប៊ីសប៊ី ទទួលបន្ទុកបេសកកម្មទូតអាមេរិក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និយាយថា លោកស្រី Okonjo-Iweala បានសន្យាថា ក្រោមការដឹកនាំរបស់លោកស្រី វានឹងមិនមែនជាដំណើរការដូចធម្មតា សម្រាប់អង្គការពាណិជ្ជកម្មពិភពលោកនោះទេ ដូច្នេះយើងរំភើបនិងជឿជាក់ថា លោកស្រី មានជំនាញដែលចាំបាច់ដើម្បីធ្វើឱ្យបានល្អដូចការសន្យានេះ។

លោកស្រី Okonjo-Iweala ត្រូវបានជ្រើសរើស ដោយការមតិរួមគ្នានៅក្នុងកិច្ចប្រជុំចង្អៀត មួយនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃច័ន្ទ បន្ទាប់ពីរដ្ឋបាល របស់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Joe Biden បានផ្លាស់ប្តូរការសម្រេចចិត្តរបស់រដ្ឋបាលលោក ដូ ណាល់ត្រាំ ក្នុងការរារាំងការតែងតាំងលោកស្រី ហើយបានគាំទ្រគូប្រជែងរបស់លោកស្រី មកពីប្រទេសកូរ៉េខាងត្បូង ។

លោក Bisbee បាននិយាយថា ចំណេះដឹង និងបទពិសោធ របស់លោកស្រី Okonjo-Iweala ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត នឹងជួយជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើកំណែទម្រង់ អង្គការពាណិជ្ជកម្មពិភពលោក ជម្រុញកំណើនសេដ្ឋកិច្ច ប្រកបដោយសមភាព តាមរយៈពាណិជ្ជកម្ម និងការប្រឈមមុខបញ្ហាពិភពលោក នាពេលបច្ចុប្បន្ននិងអនាគត។