ខេត្តកំពង់ចាម ៖ អាណិតលោកតាវ័យ៩៣ឆ្នាំម្នាក់ ត្រូវអគ្គិភ័យឆាបឆេះផ្ទះអស់ នៅសល់តែគំនរផេះ និងលុយជិត១លានកន្លះ ឆេះខ្លោចអស់ យកទៅទិញអីបាន…។ករណីអគ្គិភ័យនេះ បានកើតនៅព្រឹកថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ ២០២១នេះ នៅភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម។

លើម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ពេញ ម៉ៅ ភេទប្រុស អាយុ៩៣ឆ្នាំជនជាតិខ្មែរ( រស់នៅតែម្នាក់ឯង) ។ ផ្ទះនោះសង់អំពីឈើ ទំហំ៤ម៉ែត្រ×៥ម៉ែត្រ ប្រក់ស្បូវ ជញ្ជាំងបាំងស្បូវ។

មុនពេលកើតហេតុ លោកតាម្ចាស់ផ្ទះខាងលើបង្លាត់ភ្លើងដាំបាយ រួចហើយគាត់បានចុះមកក្រោមផ្ទះ ។ ពេលនោះមានខ្យល់បោកបក់មកបណ្ដាលឱ្យអណ្ដាតភ្លើងឆាបឆេះជញ្ជាំងហុយទ្រលោម ភ្លាមៗនោះលោកតាម្ចាស់ផ្ទះបានព្យាយាមឡើងទៅពន្លត់ បណ្ដាលឱ្យភ្លើងឆេះស្លោកស្បែកក្បាល ស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនៅជុំវិញ នាំគ្នាមកជួយដងទឹកមកពន្លត់ដែរ តែមានខ្យល់បក់ខ្លាំងពេក ធ្វើឱ្យភ្លើងឆេះផ្ទះអស់ នៅសល់តែគំនរផេះ និងលុយជិត១លានកន្លះ ។

ករណីនេះ អ្នកភូមិមានការអណិតអាសូរម្ចាស់ផ្ទះលោកតាពេញ ម៉ៅ ខ្លាំងណាស់ គាត់មានអាយុ៩៣ឆ្នាំទៅហើយ និងរស់នៅតែម្នាក់ឯងទៀត តើឱ្យគាត់ទៅស្នាក់នៅទីណា បើផ្ទះឆេះផ្ទះអស់ នៅសល់តែគំនរផេះបែបនេះ ដូច្នេះមានតែសង្ឃឹមលើសប្បុរសជន សូមមេត្តាផ្ដល់ជំនួយដល់គាត់តាមសទ្ធារៀងៗខ្លួនផង ៕