ខេត្តកំពត៖ មន្រ្តីកសិកម្មស្រុក និងអាជ្ញាធរមូលដ្ឋានភូមិឃុំ កាលពីរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បានសហការគ្នាចុះមកពីនិត្យដីបឹងមួយកន្លែង ដែលលោកដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ចេញប្លង់(វិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុកម្មសិទ្ធិ)ឱ្យមិនមានប្រក្រតី នៅភូមិដើមចំរៀក ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ។

ក្រោយចុះពិនិត្យជាក់ស្ដែង មន្រ្តីកសិកម្មស្រុក និងអាជ្ញាធរមូលដ្ឋានភូមិឃុំបានឱ្យដឹងថា ដីបឹងមួយកន្លែងនេះ ដើមដំបូងគឺជាដីរបស់ឈ្មោះសំ សុខ ជាអ្នកកាន់កាប់អាស្រ័យផល ។ តែក្រោយមកដីនោះ ឈ្មោះសំ សុខ បានប្រគល់អោយកូនប្រុសម្នាក់ ហើយក្រោយមកទៀត កូនប្រុសរបស់សំ សុខ នោះ ក៏បានលក់ដីបឹងនេះទៅឱ្យពលរដ្ឋម្នាក់ទៀតនៅស្រុកបន្ទាយមាស ក្នុងតម្លៃជិត៣ម៉ឺនដុល្លារ ។ បន្ទាប់មក ពលរដ្ឋជាអ្នកទិញបន្តក៏បានបោះបង្គោលចូលទៅក្នុងបឹងបន្ថែមទៀតដោយគ្មានដែនកំណត់ ហើយត្រូវបានលោកដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ចេញប្លង់(វិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ)ឱ្យ ទើបអាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋានភូមិឃុំ នាំគ្នាចុះមកពិនិត្យមើលចំណុចក្នុងបឹងមួយនេះ។

លោកទន ភន មេភូមិដើមចំរៀក បានឱ្យដឹងថា ការចេញប្លង់កម្មសិទ្ធិដីបឹងនេះ ខាងភូមិមិនបានដឹងទេ ។លោកវ៉ាយ សុវណ្ណ ប្រធានការិយាល័យកសិកម្មស្រុក បានថ្លែងថា ដីក្នុងបឹងនេះអាចមានផលប៉ះពាល់ផ្លូវទឹក តែបើគេមានប្លង់កម្មសិទ្ធិចេញដោយមន្រ្តីសុរិយោដីបែបនេះ ជារឿង ថ្នាក់លើជាអ្នកដោះស្រាយ ។

លោកគឹម ខេង មេឃុំស្ដេចគង់ខាងលិច បានអះអាងថា ប្រជាពលរដ្ឋនៅក្នុងឃុំស្ដេចគង់ទាំងមូល ជំនាញខាងសុរិយោដី បានធ្វើប្លង់កម្មសិទ្ធិជូនរួចរាល់អស់ហើយកាលពីប៉ុន្មានឆ្នាំមុន ។ តែដីបឹងនេះ លោកដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ចេញវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុឱ្យ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ហើយម្ចាស់ដីបឹងនោះ បោះបង្គោលយកថែមទៀតជិត២០ហិកតារ។

លោកគឹម ខេង មេឃុំស្ដេចគង់ខាងលិច បានបញ្ជាក់ថា លោកមិនយល់ដែរ អាជ្ញាធរមូលដ្ឋានមិនបានដឹងរឿងដីបឹងនេះ ស្រាប់តែខាងជំនាញសុរិយោដី ចេញប្លង់កម្មសិទ្ធិឱ្យបែបនេះ៕