ខេត្ត​បាត់ដំបង​៖​ បុរសល្មោភកាមម្នាក់ឃើញក្មេងស្រីអាយុ៩ឆ្នាំម្នាក់ កំពុងតែដេកលង់លក់​ នៅក្នុងដំណេកតែម្នាក់ ក៏ចូលទៅចាប់រំលោភ រហូតបានសម្រេច ប៉ុន្ដែអំពើដ៏លាមកបែបនេះ កម្មតាមផ្ដន្ទាភ្លាមៗ ក៏ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​  ដើម្បីនាំទៅចាត់ការតាមច្បាប់។

​លោក​វរសេនីយ៍ឯក​ ស៊ុន​ សុវណ្ណ​ អធិការ​នគរបាល​ស្រុក​សង្កែ​ បានឲ្យដឹង​ថា​ ជនសង័្សយជាប់ចោទពីករណីរំលោភខាងលើនេះ ​ឈ្មោះ​ ហួត​ ហៃ​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​រាំង​ក្រោល​ ឃុំ​រាំង​កេ​សី​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង។ រីឯកុមារីរងគ្រោះ ឈ្មោះ ក.រ អាយុ៩ឆ្នាំ រស់នៅក្នុងខេត្ដ​បាត់ដំបង។

លោកអធិការនគរបាលស្រុកសង្កែ បានឲ្យដឹងថា បើតាមការរៀបរាប់របស់ម្ដាយក្មេងស្រីរងគ្រោះ បានឲ្យដឹងថា កាលពីយប់ ថ្ងៃទី១ ខែកុម្ភៈ​ ឆ្នាំ២០២១ គាត់មិននៅផ្ទះ ហើយទុកកូនស្រីឲ្យនៅតែម្នាក់ឯង។ លុះមកដល់វេលាម៉ោង៨យប់ ថ្ងៃដដែលនោះ ស្រាប់តែជនសង័្សយបានចូលទៅចាប់រំលោភកូនស្រីរបស់គាត់ ទើបនឹងមានអាយុ៩ឆ្នាំ។

លោកអធិការនគរបាលស្រុកសង្កែ បានបញ្ជាក់ថា ក្រោយពេលមានពាក្យបណ្ដឹងពីអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះរួចមក  កម្លាំង​ជំនាញ​បាន​ចុះ​ទៅស៊ើបអង្កេត ​ស្រាវជ្រាវ ​និង​ឃាត់ខ្លួន​ជនសង្ស័យ (​ឈ្មោះ​ ហួត​ ហៃ​) នៅ​ក្នុង​​ភូមិ​ព្រៃ​ចែក​ ឃុំ​កំពង់ព្រះ​ ស្រុក​សង្កែ​ នាំមកសាកសួរតាមជំនាញរបស់សមត្ថកិច្ច។

ដោយឡែក ជនសង្ស័យ បានសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ប្រាកដមែន (រំលោភបានសម្រេច) ខណ:ក្មេងស្រីកំពុងតែដេក នៅក្នុងផ្ទះតែម្នាក់ឯង ហើយម្តាយរបស់នាងក៏មិននៅផ្ទះដែរ។

ក្រោយពេលទទួលបានចម្លើយសារភាពបែបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង័្សយ នៅក្នុងអធិការដ្ឋាននគរបាលស្រុក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ ចោទប្រកាន់ និងផ្ដន្ទាទោសតាមច្បាប់​៕