ភ្នំពេញ៖ នារីម្នាក់បានយំស្រែកឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ដោយសារបុរសម្នាក់មានប្រពន្ធនិងកូន នាងបានលង់ស្នេហ៍អស់រយៈពេល២ឆ្នាំមកហើយ ក្រោយបោកយកខ្លួនប្រាណនាងហើយ ថែមទាំងខ្ចីលុយមិនសងទៀត។ ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៤០នាទីព្រឹកព្រលឹមថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

នារីរងគ្រោះឈ្មោះលៀង រ៉ានី អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ចំណែកភាគីខាងប្រុសឈ្មោះវឿន វី អាយុ៣៧ឆ្នាំ មានស្រុកកំណើតជាមួយគ្នានារីរងគ្រោះ នៅខេត្តត្បូងឃ្មុំ មុខរបរជាអ្នករត់តាក់ស៊ីពីត្បូងឃ្មុំ ទៅភ្នំពេញ ពីភ្នំពេញទៅត្បូងឃ្មុំ។

នារីរងគ្រោះបានរៀបរាប់ថា នាងបានលង់ស្នេហ៍ជាមួយបុរសឈ្មោះវឿន វី អស់រយៈពេល២ឆ្នាំមកហើយ ដោយស្គាល់គ្នាពីដំបូង ពេលនាងត្រឡប់ពីប្រទេសកូរ៉េ មកលេងកម្ពុជាវិញ នាងបានជិះរថយន្តតាក់ស៊ីរបស់បុរសខាងលើ ពីភ្នំពេញទៅស្រុកកំណើត ហើយការធ្វើដំណើរតាមផ្លូវនោះក៏មានការនិយាយសារសងគ្នា ពេលនោះឈ្មោះវឿន វី បាននិយាយលួងលោម និងអូសទាញនាងថា៖ «មិនបាច់ទៅធ្វើការនៅកូរ៉េ ទេនាំតែឆ្ងាយ ធ្វើការនៅស្រុកខ្មែរទៅ បងជាអ្នករត់តាក់ស៊ីប៉ុណ្ណឹងដែរ រឿងអីចិញ្ចឹមអូនឯងមិនរស់»។ ដោយសារតែការនិយាយលួងលោមបែបនេះហើយ ទើបធ្វើឱ្យគាត់បាក់ទឹកចិត្តស្រឡាញ់ ក៏យល់ព្រម ដោយមិនបានបន្តអាណត្តិទៅធ្វើការនៅកូរ៉េទៀតទេ និងបានរកការងារធ្វើនៅភ្នំពេញ ដោយជួលផ្ទះនៅម្តុំបុរីសូនី និងបានរួមរស់ជាមួយគ្នាលួចដូចប្តីប្រពន្ធ រហូតមកដល់ចុងក្រោយនេះ នាងមានផ្ទៃពោះ យូរៗ ទើបបុរសឈ្មោះវឿន វី នេះមកអើតមើលនាងនៅផ្ទះជួលម្តង ហើយបានខ្ចីលុយនាងចំនួន៥០០ដុល្លារ
ទៀតផង ។

នារីរងគ្រោះបានបន្តថា បន្ទាប់ពីនាងមានផ្ទៃពោះ មានការងឿងឆ្ងល់ ឪពុកម្តាយរបស់នាងក៏ចាប់ផ្តើមមានការងឿងឆ្ងល់ថា មនុស្សប្រុសឯណាវ័យ៣៧ឆ្នាំទៅហើយ នៅមិនទាន់មានប្រពន្ធនោះ សង្ស័យជាពោះម៉ាយ។ ក្រោយមកឪពុកម្តាយ និងបងប្អូនរបស់នាងក៏នាំគ្នាទៅស៊ើបប្រវត្តិ ទើបដឹងថា បុរសរូបនេះមានប្រពន្ធនិងកូនរួចទៅហើយ បង្កឱ្យមានជម្លោះទាស់ទែងគ្នា ព្រោះតែការបោកប្រាស់ពីដើមទីមកថា ខ្លួនអត់មានប្រពន្ធនិងកូន ហើយនាងក៏សម្រេចទៅជួបពេទ្យដើម្បីយកកូនចេញផងដែរ។ ក្រោយពីឈ្លោះទាស់ទែងគ្នារួចមក ប្រុសជើងល្អនេះ បានគេចវេះពីនាងបាត់ ហើយលុយក៏មិនព្រមសងទៀត នាងក៏ចាប់ផ្តើមតាមរក រហូតដល់វេលាព្រឹកថ្ងៃកើតហេតុ ក៏ប្រទះឃើញនៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ទើបយំស្រែក ឡាំប៉ាដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅសួរនាំរឿងហេតុ រួចហើយបាននាំពួកគាត់ទៅកាន់ប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ដើម្បីដោះស្រាយគ្នាតាមនីតិវិធី។ ដោយនារីរងគ្រោះមិនចង់ប្តឹងប្តល់អ្វីវែងឆ្ងាយនោះដែរ គឺគ្រាន់តែចង់ឱ្យខាងប្រុសសងលុយដែលបានខ្ចីចំនួន៥០០ដុល្លារនោះមកវិញ និងសងជំងឺចិត្តចំនួន៥០០ដុល្លារទៀតប៉ុណ្ណោះ សរុបគឺ១ពាន់ដុល្លារ។ ចំណែកខាងប្រុសក៏យល់ព្រមសងលុយសរុបចំនួន១ពាន់ដុល្លារនោះវិញដែរ ប៉ុន្តែពេលនេះគ្មានលុយក្នុងខ្លួននោះទេ គឺមានតែយករថយន្តទៅលក់ ឬបញ្ចាំ ដើម្បីយកលុយ១ពាន់ដុល្លារទៅសងភាគីខាងស្រី ដើម្បីបញ្ចប់រឿង៕