បរទេស៖​​ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos នឹងចុះចេញពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុនពាណិជ្ជកម្មអេឡិកត្រូនិកខ្នាតយក្ស ( e-commerce giant) ដែលគាត់បានចាប់ផ្តើមបង្កើតឡើងនៅក្នុងយានដ្ឋានរបស់គាត់ជិត ៣០ ឆ្នាំមកហើយ ។

គាត់នឹងក្លាយជាប្រធានប្រតិបត្តិ (executive chairman) ដែលជាការផ្លាស់ប្តូរដែលគាត់បាននិយាយថា នឹងផ្តល់ឱ្យគាត់នូវពេលវេលា និងថាមពលដើម្បីផ្តោតលើការបណ្តាក់ទុនផ្សេងទៀតរបស់គាត់ ។

លោក Bezos ដែលជាបុរសមានជាងគេបំផុតនៅលើពិភពលោកនឹងត្រូវជំនួសដោយលោក Andy Jassy ដែលបច្ចុប្បន្នជាអ្នកដឹកនាំអាជីវកម្ម Amazon’s cloud computing business របស់ក្រុមហ៊ុន Amazon នេះ ។ ក្រុមហ៊ុនបានឲ្យដឹងថា ការផ្លាស់ប្តូរនេះ នឹងធ្វើឡើងនៅឆមាសទី២ នៃឆ្នាំ២០២១ ខាងមុខនេះ ។

លោក Bezos បាននិយាយនៅក្នុងលិខិតមួយទៅកាន់បុគ្គលិកក្រុមហ៊ុន Amazon កាលពីថ្ងៃអង្គារថា “ក្នុងនាមជានាយកប្រតិបត្តិក្រុមហ៊ុន Amazon គឺជាការទទួលខុសត្រូវមួយដ៏ធំ និងការយកចិត្តទុកដាក់មួយដ៏ខ្ពស់ ។ នៅពេលដែលអ្នកមានការទទួលខុសត្រូវច្រើនដូចនោះ វាពិបាកក្នុងការដកខ្លួនទៅធ្វើលើរឿងអ្វីផ្សេងទៀតណាស់” ៕