ស្នេហាដែលកើតពីមនុស្សផ្សេងគ្នា នឹងតែងតែមានចរិតដោយឡែកពីគ្នា។ ជួនកាលវា ត្រូវបានគេប្រដូចទៅនឹងខ្យល់ត្រជាក់ក្នុងរាត្រីក្ដៅ ពេលខ្លះជាខ្យល់ក្ដៅធ្វើឱ្យអ្នកទាំងពីរមានអារម្មណ៍ឆាបឆេះ ហើយពេលខ្លះទៀតក៏ដូចជា ទ្រនំដ៏សុខសាន្ដ…។ បើទោះជា អ្នកកំពុងតែស្រឡាញ់បែបណាក៏ដោយអ្នក វិទ្យាសាស្រ្ដនៅតែអាចបែងចែកស្នេហាជាប្រភេទៗបានដែរ។


១. ស្នេហាជាមួយនឹងអារម្មណ៍ខ្លាំងក្លា៖
មនុស្សមួយចំនួន មានចិត្តត្រេកត្រអាលជាមួយនឹង ប្រភេទស្នេហាដែលមានភាពពេញចិត្តពេញថ្លើមច្រើន និងស្និទ្ធស្នាលរួមជាមួយអារម្មណ៍រំជើបរំជួលខ្លាំងក្លា។ នេះត្រូវបានគេមើលឃើញថា ជា មនោសញ្ចេតនា ដែលមានការរួមផ្សំនៃផ្លូវភេទ នឹងអារម្មណ៍រំជើបរំជួលពេញទំហឹង។ បណ្ដាមនុស្សដែលធ្លាប់ឆ្លងកាត់ស្នេហានេះ គឺចង់បានភាពជិតស្និទ្ធផ្នែកកាយ។
២. ស្នេហាដែលកើតឡើងបន្ដិចម្ដងៗ៖
ប្រភេទមនោសញ្ចេតនាដែលកើតមានឡើងជាជំហានៗបែបនេះ នឹងធ្វើឱ្យអ្នកបានដឹងពីភាគីម្ខាងទៀតថា តើសក្ដិសមនឹងខ្លួន ឬទេ មុននឹងឈានដល់អារម្មណ៍ខ្លាំងក្លា។ មនុស្សដែលមានស្នេហាប្រភេទនេះ តែងចង់បានភាពស្មោះត្រង់ និងរីកចម្រើនបែប “តក់ៗពេញបំពង់” ទៅតាមពេលវេលា។
៣. ស្នេហាឧត្តម៖
ស្នេហាប្រភេទនេះ គឺការអាធ្យាស្រ័យ និងស្រឡាញ់រាប់អាន។ ពួកគេចង់បានការថែទាំមនុស្សដែលខ្លួនស្រឡាញ់ដូចជា ការថែទាំកូនក្មេង ឬឪពុកម្ដាយរបស់ពួកគេដូច្នេះដែរ។ ស្នេ្ហហាប្រភេទនេះ គឺពោរពេញទៅដោយភាពអស់ពីចិត្តពីថ្លើមហ្មត់ចត់ ការស្រឡាញ់ និងមេត្តាធម៌ព្រមទាំងឧត្តមគតិផងដែរ។
៤. ស្នេហាបែបហេតុផល៖
នៅក្នុងក្ដីស្នេហាប្រភេទនេះ គ្មានភាពខ្ពង់ខ្ពស់ទេ ជំនួសវិញគឺ មានតែការក្រើនរំឮកពិចារណាថា តើគួរធ្វើតាមសំណូមពរភាគីម្ខាងទៀត ឬអត់? បណ្ដាមនុស្សដែលមានស្នេហាប្រភេទនេះ តែងមើលមនុស្សដែលេខ្លួនស្រឡាញ់ក្នុងផ្លូវល្អជានិច្ច។ ពួកគេមិនចេះភ័យខ្លាចពីការប្រែប្រួល ព្រោះយល់ថា នេះគឺជាឱកាស និងឧបសគ្គរឹតតែជួយឱ្យពួកគេស្និទ្ធស្នាល និងយល់ចិត្តគ្នាជាមុន៕