អន្តរជាតិ៖ យ៉ាងហោចណាស់មានប្រទេសចំនួន ៦០ នៅក្នុងពិភពលោក ដែលស្ថិតនៅក្នុងតំបន់ចំនួន៦ ដែលអង្គការសុខភាពពិភពលោកបានបញ្ជាក់ថាមានករណីនាំចូល ឬមានការឆ្លងនៅក្នុងសហគមន៍នៃជំងឺកូវីដ១៩បម្លែងខ្លួនប្រភេទថ្មី ដែលទើបតែចាប់ផ្តើមកើតមានត្រឹមតែរយៈពេលជាង ១០សប្តាហ៍កន្លងមកនេះតែប៉ុណ្ណោះ។

យ៉ាងណាមិញ ប្រទេសដែលបានរាយការណ៍ថាមានឆ្លងជំងឺកូវីដ១៩ បម្លែងខ្លួនប្រភេទថ្មីទាំងនោះមានដូចជាប្រទេសសហរដ្ឋអាមេរិក ប្រទេសរុស្សី ប្រទេសប្រស៊ីល ឥណ្ឌា និងប្រទេសអេស្ប៉ាញជាដើម។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជម្ងឺកូវីដ១៩នៅក្នុងប្រទេសសហរដ្ឋអាមេរិកបានលើកឡើងកាលពីថ្ងៃចន្ទកន្លងទៅនេះថា យ៉ាងហោចណាស់មានករណីឆ្លងវីរុសបម្លែងខ្លួនថ្មីនេះចំនួន ១២២ ករណី ដែលត្រូវបានឆ្លងចូលទៅដល់២០រដ្ឋក្នុងសហរដ្ឋអាមេរិក។ បើទោះបីជាជំងឺឆ្លងបម្លែងខ្លួនប្រភេទថ្មីនេះរីករាលដាលយ៉ាងឆាប់រហ័សយ៉ាងណាក្ដីក៏មិនទាន់មានប្រភពណាមួយបញ្ជាក់ថា វាអាចបណ្តាលឲ្យមនុស្សស្លាប់នៅឡើយទេមកទល់នឹងពេលនេះ៕