រាជធានីភ្នំពេញ៖ ជនសង្ស័យជាមុខសញ្ញាចោរឆក់យ៉ាងសកម្ម មាន រហ័សនាមអាឆ្មា ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមប្រមាញ់ចាប់ខ្លួនបាន និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។ជនសង្ស័យមានឈ្មោះ សាត សុវឌ្ឍនា ហៅឆ្មា។ ចំណែកជនសង្ស័យម្នាក់ទៀត សមត្ថកិច្ចកំពុងតាមចាប់ខ្លួន ។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង១២ និង៥០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យខាងលើបានធ្វើសកម្មភាពឆក់ខ្សែកពីស្រ្តីម្នាក់ឈ្មោះ ស៊ិន ដានី អាយុ២៣ឆ្នាំ នៅចំណុចមុខផ្ទះជួលលេខ១៤០ ផ្លូវលេខ២៧១ហ្សិត សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ខណៈដែលស្រ្តីរងគ្រោះចុះពីលើ Pass App។ លុះរយៈពេលជាច្រើនខែក្រោយមក ទើបសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យបាន នៅខេត្តកែប ។

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យជាមុខសញ្ញាឆក់យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ហើយជននេះ តែងថតបង្ហោះសម្ភារប្រើប្រាស់ទំនើបថ្លៃៗ បង្អួតគេតាមហ្វេសប៊ុក បង្ហាញពីភាពហ៊ឺហារបស់ខ្លួន។ ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ចំណែក បក្ខពួកម្នាក់ទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួននាំមកផ្តន្ទាទោស៕