កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមបិសាចក្រហមពីក្លឹប Ajax កាលពីរដូវក្តៅនិងបានបង្ហាញខ្លួនចំនួន ២០ ដងសម្រាប់ក្រុមយក្សនៃក្របខ័ណ្ឌ Premier League គ្រប់កម្មវិធីទាំងអស់៕​ កីឡាករសញ្ជាតិហូល្លង់ត្រូវបានដាក់អោយចូលលេងត្រឹម ២ នាទីចុងក្រោយ ក្នុងជំនួបដ៏សំខាន់ប្រចាំទីក្រុង Manchester (Manchester Derby) ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត EFL Cup កាលពីថ្ងៃពុធហើយបើយោងតាមសារព័ត៌មាន Soccer News បានអោយដឹងថា​ Donny Van De Beek តូចចិត្តនិងមានការខកចិត្តជាខ្លាំងនៅ Old Trafford៕ Donny សង្ឃឹមថា​ រូបគេអាចនឹងបង្ហាញខ្លួនក្នុងការប្រកួត FA Cup ជុំទី ៣ របស់ Manchester United ជាមួយ Watford នៅរាត្រីថ្ងៃសៅរ៍ ខណៈដែលលោក Solskjaer នឹងសង្កេតមើល តើថាកីឡាកររូបណាដែលអាចសាកសមមានវត្តមាននៅការប្រកួតលីគកំពូលសប្តាហ៍ក្រោយជាមួយ ក្រុម Burnley៕ អតីតខ្សែបម្រើក្រុម Ajax នេះមានឱកាសបង្ហាញខ្លួនតិចតួចមែនទែន ចាប់តាំងពីមកដល់ទឹកដីអង់គ្លេស ដោយរូបគេបង្ហាញខ្លួនភាគច្រើនក្នុងតង់ទី ២ ក្នុងនាមជាកីឡាករបម្រុងដែលផ្លាសប្តូរចូលតែប៉ុណ្ណោះ៕

ប្រភព: Sportsmole