ខេត្តឧត្ដរមានជ័យ ៖ ដីព្រៃឈើស្រោងរាប់រយហិកតារនៅតាមបណ្ដោយជួរភ្នំដងរែក ស្ថិតក្នុងភូមិអភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ បាននិងកំពុងបំផ្លាញឈូសឆាយទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិឯកជន ដោយគ្រឿងចក្រអេស្កាវ៉ាទ័រ ។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅស្រុកត្រពាំងប្រាសាទ បានឱ្យដឹងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ថា សកម្មភាពគ្រឿងចក្រឈូសឆាយទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិឯកជននេះ បានធ្វើឡើងជាច្រើនខែមកហើយ មិនដែលឃើញមានអាជ្ញាធរ ឬសមត្ថជំនាញពាក់ព័ន្ធណា ខ្វាយខ្វល់ពីការបាត់បង់ធនធានធម្មជាតិជាសម្បត្តិរដ្ឋនេះឡើយ។

ប្រជាពលរដ្ឋបានបន្តថា ដីព្រៃឈើរបស់រដ្ឋខាងលើ ត្រូវបានក្រុមអ្នកមានអំណាចមួយក្ដាប់តូចគុបគិតគ្នាឈូសឆាយយកដីធ្វើជាកម្មសិទ្ធិចែកគ្នាចំនួន៥០០ហិកតារ ឬអាចលើសពីនេះទៀត។

លោកហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថា ដីខាងលើនេះជាដីរបស់លោកទេព ឃុនណាល់ ដែលបានស្នើសុំវិយោគដីសម្បទានសេដ្ឋកិច្ច ចំនួន១.៥០០ហិកតារ ប៉ុន្តែដោយសារមិនបានធ្វើការអភិវឌ្ឍអ្វីតាមគម្រោង លោកក៏បានប្រគល់ជូនរដ្ឋវិញចំនួន១០០០ហិកតារ ដោយឡែកដី ៥០០ហិកតារកំពុងធ្វើការឈូសឆាយ គឺខាងខេត្តប្រគល់ឱ្យដោយសារលោកទេព ឃុនណាល់ ហើយគាត់មានឯកសារលក់ទិញពីប្រជាពលរដ្ឋ។

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ ក៏បានលើកឡើងដូចលោកអភិបាលស្រុកផងដែរ តែលោកបានបញ្ជាក់ថា ចំពោះច្បាប់ឈូសឆាយ លោកមិនបានដឹងទេ ៕