ភ្នំពេញ៖ បុរសបកប្រែចិនម្នាក់បាត់ពីផ្ទះ៣ថ្ងៃ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ត្រូវគេប្រទះស្លាប់អណ្តែកទឹកក្នុងស្ទឹងតាហោ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ។ សពរងគ្រោះឈ្មោះ ភួង បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបកប្រែចិន បច្ចុប្បន្នស្នាក់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុង ខណ្ឌមានជ័យ ។

តាមឲ្យដឹងពីឈ្មោះ ភួង រតនា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរចុងភៅ ត្រូវជាប្អូនប្រុសបង្កើតសព មានទីលំនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានឱ្យដឹងថា ជនរងគ្រោះមានជំងឺសសៃប្រាសាទ រយ:ពេល០២ឆ្នាំមកហើយ ។ ជនរងគ្រោះ បានបាត់ពីផ្ទះតាំងពីថ្ងៃទី០៦ ខែមករា ក្រុមគ្រួសារខំស្វែងរកគ្រប់ទិសទី តែមិនឃើញសោះ។ លុះមកដល់ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ មានសារព័ត៌មានផ្សាយថា មានករណីមនុស្សស្លាប់អណ្តែតទឹកនៅក្នុងស្ទឹងតាហោ គាត់ក៏ប្រញាប់មកមើល ឃើញសពនេះពិតជាបងប្រុសគាត់ពិតប្រាកដមែន។

ក្រោយធ្វើកោសល្យវិច័យ គ្រូពេទ្យ និងសមត្ថកិច្ចជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា សពឈ្មោះភួង បញ្ញា នេះ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដ និងបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕