ខេត្តបន្ទាយមានជ័យ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយ កម្លាំងការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យពីរនាក់ និងវត្ថុតាងថ្នាំញៀនជាច្រើន កាលពី វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខភោជនីយដ្ឋានម្លប់ឫស្សី ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់បាលិលេយ្យ ក្រុងប៉ោយប៉ែត។

ជនសង្ស័យពីរនាក់ រួមមាន៖ ១-ឈ្មោះ មាស ធីតា ភេទប្រុស ជនជាតិខ្មែរ រស់នៅចំណុចមុខភោជនីយដ្ឋានម្លប់ឫស្សីខាងលើ ដកហូតថ្នាំញៀន អ៊ិចស្តាស៊ី ចំនួន៤៨ គ្រាប់, សារធាតុញៀនកេតាមីន ចំនួន១៥កូនថង់តូច និង២-ឈ្មោះ ស្រេង ឡុងហេង ភេទប្រុស ជាមេក្លោង រស់នៅបន្ទប់លេខ E៤៣ ជាន់ទី៤ ផ្លូវបេតុង ផ្ទះគ្មានលេខ ភូមិសាមគ្គីមានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដកហូតបានថ្នាំញៀនគ្រាប់ ពណ៌ត្រួយចេក ចំនួន២៣ថង់ , ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន៤ថង់ , ថ្នាំគ្រាប់ពណ៌លឿង ស្រាល ចំនួន៥ថង់, សារធាតុញៀន ប្រភេទអ៊ិចស្តាស៊ី ក្រាមសថ្លា ចំនួន ១ កូនថង់, ថ្នាំគ្រាប់ហ្វាយៗមួយបន្ទះ (ចំនួន១០គ្រាប់), ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀន ១, ថ្នាំញៀនកេតាមីនទឹក ចំនួន ១៥០ដប និងសំភារៈសំរាប់សម្ងួតថ្នាំញៀន មួយកំប្លេ។

កាលពីនៅព្រឹកថ្ងៃទី៨ ខែមករានេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រគល់ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង ជូនទៅកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការនៅរាជធានីភ្នំពេញ ព្រោះខាងមន្ទីរប្រឆាំងគ្រឿងញៀន ជាម្ចាស់ករណី ដែលបានស្រាវជ្រាវ ស៊ើបអង្កេត មុខសញ្ញានេះពីរាជធានីភ្នំពេញ មកក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ៕