ខេត្តកណ្ដាល ៖ កសិករម្នាក់ តាំងពីដាំចេកមក មិនដែលបានទទួលទានចេក១ផ្លែ ១ស្និត ឬក៏លក់ដូរនោះទេ ព្រោះកាប់មិនទាន់ចោរ លុះខឹងពេកដេកចាំ ចាប់ចោរពេលកំពុងជិះម៉ូតូដឹកផ្លែចេកមួយស្ទង ទាល់តែបាន កាលពីម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។ នៅចំណុចចំការចេក និងស្វាយ ស្ថិតក្នុងភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ។

ជនសង្ស័យជាចោរលួចចេក ឈ្មោះ ដេន វន្នី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ។ ចំណែកវត្ថុតាងចាប់យកម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1AS-4140 ០១គ្រឿង, កូនកាំបិតមានផ្លែដែក ដងជ័រ ពណ៌ខ្មៅ១ និងផ្លែចេក១ស្ទង មាន១០ស្និត ។

ជនរងគ្រោះឈ្មោះ សំអុល សុភាព ដែលជាម្ចាស់ចំការចេក បានឲ្យដឹងថា គាត់ជាកសិករប្រកបមុខរបរធ្វើស្រែចំការ ដោយបានដាំដើមចេក និងដើមស្វាយនៅលើដីមួយកន្លែង ស្ថិតនៅភូមិខាងលើ ។ នៅពេលចេក និងស្វាយបានផល មានផ្លែ មានត្រយូង តែងតែមានចោរចូលលួចផ្លែទាំងចេក ទាំងស្វាយ មិនដែលបេះ ឬកាប់ស្ទងទាន់ចោរនោះទេ ។

ដោយសារខឹងនឹងចោរលួចកាប់ចេក និងបេះផ្លែស្វាយរាល់ថ្ងៃពេក គាត់សម្រេចចិត្តដេកលបចាំឃ្លាំមើលចោរ លុះនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ក៏ប្រទះឃើញជនសង្ស័យម្នាក់ ជិះម៉ូតូអាសង់ដឹកផ្លែចេក១ស្ទង ចេញពីចំការតែម្តង ឃើញដូច្នោះគាត់ និងអ្នកភូមិ បានហៅឱ្យឈប់ ប៉ុន្តែជនសង្ស័យបានជិះម៉ូតូគេចខ្លួន ពួកគាត់ក៏នាំគ្នាជិះម៉ូតូដេញតាមពីក្រោយ និងឃាត់ខ្លួនជនសង្ស័យបាន រួចក៏រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ ដើម្បីយកទៅចាត់ការតាមនីតិវិធី ។

ជនសង្ស័យក៏បានសារភាពថា កន្លងមក ខ្លួនបានលួចកាប់ចេកគេយកទៅលក់ជាញឹកញប់ តែគ្មានម្ចាស់ចំការណាចាប់បានទេ ទើបតែចុងក្រោយនេះក៏ត្រូវអស់លក្ខណ៍ ម្ចាស់ចម្ការ និងអ្នកភូមិដេញតាមចាប់បាន៕