រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ អាជ្ញាធរបានចុះទៅណែនាំអ្នកគ្រូហុងស៊ុយ ឡុង ណាលី ដែលជាអគ្គនាយិការស្ថាប័នម៉ាស្ទ័រ ណាលី ហុងស៊ុយ លើករណីអ្នកគ្រូបានប្រកាសផ្សព្វផ្សាយចែកស្ទីកគ័រ (កាត់ឆុង) ដែលបង្កឱ្យអ្នកមានជំនឿរាប់ពាន់តម្រង់ជួរ និងជួបជុំគ្នាយ៉ាងណែនតាន់តាប់ដោយមិនខ្លាចជំងឺកូវីដ-១៩ ព្រមទាំងល្មើសដល់វិធានរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះដែរ លោក សន សោភ័ណ នាយករដ្ឋបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរបានចុះទៅណែនាំ តែមិនបានជួបគ្រូហុង​ស៊ុយ នោះទេ ប៉ុន្តែបានធ្វើលិខិតអញ្ជើញឲ្យទៅជួបរដ្ឋបាលខណ្ឌ នៅថ្ងៃទី៨ ខែមករាខាងមុខ ដើម្បីធ្វើការណែនាំ ខណៈ​ឮព័ត៌មានថា នៅថ្ងៃ១៦ ខែមករា ខាងមុខ នឹងមានការជួបជុំចែកស្ទីឃ័រកាត់ឆុងនេះម្តងទៀត ។

អភិបាលខណ្ឌឫស្សីកែវ បានឲ្យក្រុមការងារចុះណែនាំពីបញ្ហាកូវីដ-១៩ ដល់ក្រុមហ៊ុនមិនត្រូវឲ្យមានការជួបជុំច្រើន និងត្រូវអនុវត្តរក្សាគម្លាតសុវត្ថិភាព និងមានទឹកអាកុលលាងដៃជានិច្ច ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ គ្រូហុងស៊ុយ ឡុង ណាលី  បានប្រ​កាស​តាមបណ្តាញផ្សព្វផ្សាយថា មានឆ្នាំ ចំនួន៤ ដែលឆុងជាមួយអ្នកជាប់សែស្រឡាយចិន វៀតណាម ខណៈថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ជិតមកដល់ ក្រុមហ៊ុននឹងចែកស្ទីឃ័រ (កាត់ឆុង)ដោយឥតគិតថ្លៃ ស្រាប់តែនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ អ្នកមានជំនឿរាប់រយពាន់នាក់ ផ្អើលភ្លូកទឹកភ្លូកដីសម្រុកទៅតម្រង់ជួរប្រជ្រៀតគ្នា៤ទៅ៥ជួរ ដើម្បី​យក​ស្ទីឃ័រ(កាត់ឆុង)រហូតដល់យប់ជ្រៅដោយមិនគិតពីសុវត្ថិភាព ឬហានីភ័យការឆ្លងកូវីដ-១៩ឡើយ ៕